ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូន​ខ្លួន​ក្រុមចោរជំនាញ​ ប្រើល្បិចយកខ្សែកកាឡៃដូរយកខ្សែកពិត​ ទៅតុលាការ​

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​មន្រ្តីនគរបាលខណ្ឌកំបូល​ នៅថ្ងៃសៅរ៍ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​ កម្លាំងជំនាញ​ បានបញ្ជូនខ្លួនជនសង្ស័យ​ប្រុស​ស្រី​ចំនួន​ ៤នាក់​ ដែល​ជំនាញ​ខាងប្រើល្បិចយកខ្សែកកាឡៃដូរយកខ្សែកពិត ទៅសាលាដំបូងរាជធានីភ្នំពេញ​ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ 

សូមជម្រាបថា​ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានចុះបង្រ្កាបករណីអំពើឆបោក (ប្រើល្បិចយកខ្សែកកាឡៃដូរយកខ្សែកពិត) នៅចំណុចមុខតូបលក់កាហ្វេ ផ្លូវបេតុង ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីវេលាម៉ោង ០៧​ និង២០នាទីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។ 

ជនសង្ស័យចំនួន ០៤នាក់៖​ ទី១-ឈ្មោះ យិន វ៉ាន់នី ហៅ តាខ្មៅ ភេទប្រុស អាយុ ៥៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ (ឃាត់ខ្លួន គ្មានសារធាតុញៀន)។ ទី២-ឈ្មោះ ជី ណាង ហៅ ម៉ែអាឈុន ភេទស្រី អាយុ៤០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិក្បាលដំរី២ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន គ្មានសារធាតុញៀន)។ ទី៣-ឈ្មោះ សួន ស្រីមុំ ហៅ យាយស្វិត ភេទស្រី អាយុ៥៤ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ឃាត់ខ្លួន គ្មានសារធាតុញៀន)។ និងទី៤-ឈ្មោះ តោ ភេទប្រុស អាយុប្រហែល ៤២ឆ្នាំ (គេចខ្លួន)។ 

មន្រ្តីដដែលបន្តថា​ ក្រោយប្រតិបត្តការ​កម្លាំងជំនាញ​ បានដកហូតសម្ភារៈបន្សល់ទុក៖ ខ្សែក ពណ៌មាស ចំនួន ០១ខ្សែ។ 

បច្ចុប្បន្នជនសង្ស័យទាំងបីនាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

ដោយ​៖សហការី​


ចែករំលែក៖