ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការដ្ឋាននគរបាលខេត្តកណ្តាលសូមធ្វើការបដិសេធទាំងស្រុងនូវខ្លឹមសារដែលបានចុះផ្សាយថា លោកស្នងការរងទាំង២រូបគេចវេះពន្យារពេលចូលនិវត្តន៍នោះ !

ចែករំលែក៖

ខេត្តកណ្តាល ៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមបំភ្លឺឆ្លើយតបជូនសាធារណជន និងបណ្តាញសារព័ត៌មានមេត្តាជ្រាបថា «នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ គេហទំព័រសារព័ត៌មាន The Mirror News និងបណ្តាញសារព័ត៌មានមួយចំនួនទៀត បានចុះផ្សាយមានចំណងជើងថា «បែកធ្លាយ, លោកស្នងការរង២រូប ដល់អាយុចូលនិវត្តន៍ តែមិនចូលនិវត្តន៍ អភិបាលខេត្តកណ្តាលនឹងបញ្ជាឱ្យក្រុមការងារចុះត្រួតពិនិត្យ»។

ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់ឱ្យក្រុមការងារប្រតិកម្មរហ័សធ្វើការស្រាវជ្រាវបំភ្លឺព័ត៌មានដូចខាងក្រោម៖

-ផ្អែកតាមរូបភាពដែលបណ្តាញសារព័ត៌មានចុះផ្សាយខាងលើ លោកស្នងការរងនគរបាលខេត្តកណ្តាល ចំនួន២រូបនោះរួមមាន៖

១-លោកឧត្តមសេនីយ៍ត្រី ចាន់ សាវឿន ស្នងការរងទទួលផែនការងារភស្តុភារ និងហិរញ្ញវត្ថុ។

២-លោកឧត្តមសេនីយ៍ត្រី ឱ ផាន់ណា ស្នងការរងទទួលផែនការងារអត្តសញ្ញាណកម្ម។ 

បន្ទាប់ពីពិនិត្យលើខ្លឹមសារព័ត៌មានខាងលើ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមធ្វើការបដិសេធទាំងស្រុងនូវខ្លឹមសារដែលបានចុះផ្សាយថា លោកស្នងការរងទាំង២រូបគេចវេះពន្យារពេលចូលនិវត្តន៍នោះ គឺជាការមិនពិតឡើយ ដោយអនុវត្តតាមគោលការណ៍ច្បាប់ ជាពិសេសលក្ខន្តិកៈមន្រ្តីនគរបាលជាតិ នៅពេលដែលមានព្រះរាជក្រឹត្យដាក់ឱ្យសាមីខ្លួនចូលនិវត្តន៍គឺត្រូវគោរពតាមដោយមិនរារែកឬគេចវេះជាដាច់ខាត។

ដោយឡែក ចំពោះការលើកឡើងថា លោកឧត្តមសេនីយ៍ត្រី ឱ ផាន់ណា ស្នងការរងទទួលការងារអត្តសញ្ញាណកម្ម មិនព្រមចូលនិវត្តន៍ដោយយកតួនាទីទៅកាងលោកស្រី ទេព ចន្ធូ ហៅយាយធូ ជាភរិយា គឺជាការមិនពិតឡើយ ព្រោះលោកស្រី ទេព ចន្ធូ ហៅយាធូ បានរកស៊ីជាលក្ខណៈឯកជន មិនមានពាក់ព័ន្ធជាមួយលោកស្នងការរងជាស្វាមីឡើយ។

អាស្រ័យហេតុនេះ សូមសាធារណជន និងបណ្តាញសារព័ត៌មានមេត្តាជ្រាប និងកុំមានការភាន់ច្រឡំ៕

                             

ដោយ៖ សុខ ខេមរា


ចែករំលែក៖