ភ្នំពេញ ៖ លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) និងជារដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានបញ្ចេញនូវទស្សនៈគាំទ្រយន្តការដោះស្រាយរបស់ អភិបាលខេត្តកំពត កំពុងអនុវត្តវិធីដោះស្រាយក្រៅប្រព័ន្ធតុលាការ តាមរូបមន្ត «ឈ្នះ-ឈ្នះ»នេះ !
លោករដ្ឋលេខាធិការ ក្រសួងមហាផ្ទៃបានថ្លែងថា, «ឥឡូវ អ៊ំសួរឯង» ជាពាក្យកំពុងពេញនិយម! នេះគឺជាប្រយោគ ដែលផ្តល់ឱកាសឱ្យភាគីពាក់ព័ន្ធមានឱកាសបានគិត និងបានចូលរួម ដើម្បីសម្រេចចិត្ត និងដោះស្រាយលើចំណោទបញ្ហារបស់ខ្លួន។ នេះហៅថា «ប្រជាធិបតេយ្យចូលរួម»។ ខ្ញុំគាំទ្រយន្តការដោះស្រាយរបស់ ឯកឧត្តមអភិបាលខេត្ត កំពុងអនុវត្ត។ វិធីដោះស្រាយក្រៅប្រព័ន្ធតុលាការ តាមរូបមន្ត «ឈ្នះ-ឈ្នះ»នេះ គឺល្អណាស់សម្រាប់ប្រជាជនយើង ហើយនេះក៏ស្របនឹង «គោលនយោបាយ ភូមិឃុំ-សង្កាត់មានសុវត្ថិភាព» ដែលរាជរដ្ឋាភិបាលបានដាក់ចេញ និងលើកទឹកចិត្តអនុវត្តផងដែរ។ ជាធម្មតាទេ អ្វីក៏ដោយតែងតែមានមុខ២។ ការធ្វើល្អ ភាពជោគជ័យ ភាពលេចធ្លោ ក្លាយជាការគោរពសរសើរ តែក៏បានជាផ្ទាំងស៊ីបសម្រាប់អ្នកប្រឆាំង និងជនឈ្នានីស ដើម្បីបន្ទច់បង្អាក់ផងដែរ ព្រោះជាសារជាតិរបស់គេ។ ប៉ុន្តែជម្រើសដែលល្អត្រឹមត្រូវ មានតែ១គត់ គឺបន្តខិតខំថែមទៀត ដើម្បីប្រជាជនយើង។
លោករដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ហ៊ុយ វណ្ណ: បានលើកឡើងថា, លោកអភិបាលខេត្ត មិនបានទាក់ទងមកខ្ញុំ និងមិនបានសុំខ្ញុំឱ្យសរសើរគាត់ទេ ប៉ុន្តែខ្ញុំបានមើលពីចម្ងាយ ហើយឃើញថា គាត់ធ្វើត្រូវ ធ្វើបានល្អសម្រាប់ប្រជាជន ហើយខ្ញុំសូមលើកទឹកចិត្ត ៕
ដោយ ៖ សុខ ខេមរា