ព័ត៌មានទាន់ហេតុការណ៍៖

អាល់កុល​ក្លែងក្លាយ​ជាច្រើន​ ត្រូវ​​សមត្ថកិច្ច​ដកហូត​ ខណៈ​មន្ទីរពិសោធន៍ចេញ​លទ្ធផល​ថា៖ អាល់កុល​បង្ក​ពុលមាន​សារធាតុមេ​តា​ណុល​

ចែករំលែក៖

​ខេត្ត​បន្ទាយ​មាន​ជ័​យ៖ បើតាម​ការបញ្ជាក់​ពី​ប្រធាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​. ឬ CCF) សាខា​ខេត្តបន្ទាយមានជ័យ លោក សាន វិជ្ជា​សា​រ៉ាវុធ បា​នថ្លែងឱ្យដឹងនៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២១នេះ​ថា៖​ មន្ត្រី​ចម្រុះ បាន​សហការ​គ្នា​ចុះ​ត្រួតពិនិត្យ និង​ដកហូតអាល់កុលក្លែងក្លាយ (​មេ​តា​ណុល​) មួយចំនួន ស្ថិត​នៅ​ភូមិ​កូប​ធំ និង​ភូមិ​កូនដំរី សង្កាត់​និមិត្ត​ ខេត្ត​បន្ទាយមានជ័យ​ បន្ទាប់ពី​មន្ទីរពិសោធន៍តូច របស់ ក​.​ប​.​ប​. នៅ​ក្រុងប៉ោយប៉ែត បានចេញ​លទ្ធផល​ថា​ ​អាល់កុល​ដែលបង្ក​ពុលដល់​ពលករ ២៥នាក់​ នៅ​មណ្ឌល​ច​ត្តា​ឡី​ស័កកូប​ធំ​ កាលពីម្សិលមិញនេះ បណ្ដាលឱ្យ​ ៧នាក់ស្លាប់​​ ព្រោះវាគឺ​មេ​តា​ណុល ឬ​អាល់កុល​ក្លែងក្លាយ​។​​

​ប្រភពដដែលបន្តថា​ មន្ត្រី​សាខា ក​.​ប​.​ប​. ខេត្តបន្ទាយមានជ័យ សហការ​ជាមួយមន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ​លោក ប៊ុ​ក ឡាយ​ជី ប្រធាន​មន្ទីររដ្ឋបាល​ក្រុង​ប៉ោយប៉ែត និង​លោក ហឿន វីរ​: អភិបាលរងក្រុង ដឹកនាំ​កម្លាំង​នគរបាល​ក្រុង និង​កម្លាំង​ប៉ុស្តិ៍ រដ្ឋបាល​សង្កាត់​និមិត្ត បាន​ចុះ​ត្រួតពិនិត្យ និង​ដកហូត​អាល់កុល​ក្លែងក្លាយ (​មេ​តា​ណុល​) នៅ ចំណុច​ភូមិ​កូនដំរី ភូមិ​កូប​ធំ សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

​មន្រ្តីជំនាញ បានបន្តថា ដើម្បីឆ្លើយតប​នឹង​ករណីស្លាប់​មនុស្ស ចំនួន ៧នាក់ (​ស្រី​១​នាក់​) បណ្តាលមកពី​ការយកអាល់កុល​ក្លែងក្លាយ (​មេ​តា​ណុល​) ទៅ​លាយ​ផ្សំ​ជាមួយ​ភេសជ្ជៈ​ស្ទី​ង និង​តែ​បៃតង អូ​អិ​ឈិ ជំនួស​សុរា លក់​ឱ្យពលករនៅមណ្ឌលច​ត្តា​ឡី​ស័ក្ត កូបធំផឹក។​

​ជាមួយគ្នានេះ​ អាជ្ញា​ធរមាន​សមត្ថកិច្ច បាន​ពន្យល់​ណែនាំដល់​អាជីវករ លក់​អាល់កុល និង​ដកហូត​ផលិតផល ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់មានដូចជា​៖

-​អាល់កុល​ក្លែងក្លាយ ១៨៦ ដប និង ១ ពី​ដុង ស្មើនឹង ១២៣ លីត្រ​។​

-​មី​ម៉ា​ម៉ា ៩៣ កំប៉ុង ស្មើនឹង ០,៥៦ គ​.​ក្រ​។​

-​នំ​សូកូឡា ១២ កញ្ចប់ ស្មើនឹង ០,១៣ គ​.​ក្រ​។​

-​ទឹកក្រូច​ចម្រុះ ៣៦ ដប ស្មើនឹង ៥៧,៦០ គ​.​ក្រ​។​

-​ទឹកដោះគោ​ខាប់ ១០ កំប៉ុង ស្មើនឹង ៣,៨០ គ​.​ក្រ​។​

-​ទឹកម្ទេស តូច​-​ធំ ២៥ ដប ស្មើនឹង ១១,១៥ គ​,​ក្រ​។​

-​ស្ករ​គ្រាប់​ចម្រុះ ១,២ គ​.​ក្រ ។ សរុប​ចំនួន ១៧៧ រាយ ស្មើនឹង ៧៤,៤៤ គីឡូក្រាម​។​

​បន្ថែមពីនេះ​ ក្រុមការងារ បាន​ពន្យល់​ណែនាំ​ដល់ អាជីវករ​ទាំងអស់ ឱ្យ​ចេះ​មើលអាយុកាល​ផុតកំណត់ ការតាំង​លក់ ផលិតផល​ទំនិញ​គ្រប់ ប្រភេទ និង​ខ្លឹមសារ នៃ​ប្រកាស​របស់ ក្រសួងពាណិជ្ជកម្ម លេខ​១៨៥ ស្តីពី​បទដ្ឋាន​ពត៌មាន សម្រាប់​អ្នក​ប្រើ​ប្រាស់ ពោលគឺ ដើម្បី​ឱ្យ​អាជីវករ​ទាំងនោះ ធ្វើការ​កែប្រែ ស្របតាម​ពេល វេលា​មួយ ដែល​អាច​ទទួលយកបានដោយ​អនុលោម​តាមច្បាប់ ស្តីពី​កិច្ចការពារ​អ្នក​ប្រើប្រាស់​។​ មិនតែប៉ុណ្ណោះ មន្រ្តីជំនាញ បាន​ធ្វើការពិន័យ​អន្តរការណ៍លើម្ចាស់​ទំនិញ​ល្មើសមួយ​ទីតាំង ឱ្យ​បង់ប្រាក់ ពិន័យ​អន្តរការណ៍ ដោយ​សរសេរ​ប័ណ្ណ​បង់ប្រាក់​ផាកពិន័យចំនួន មួយច្បាប់នៅនឹងកន្លែង​ផងដែរ៕

ដោយ៖សហការី


ចែករំលែក៖