ព័ត៌មានទាន់ហេតុការណ៍៖

បុរសវិកលចរិតម្នាក់សង្ស័យធ្វើអត្តឃាតដោយ លោតពីលើស្ពានស្ទឹងកុយ បណ្ដាលឱ្យលង់ទឹកស្លាប់

ចែករំលែក៖

ខេត្តប៉ៃលិន៖ បើតាមរបាយការណ៍ពីលោក អធិការរងផ្នែកជំនាញព្រហ្មទណ្ឌស្រុកសាលាក្រៅបានឲ្យដឹងថា÷មានករណីបុរសវិកលចរិតម្នាក់សង្ស័យលោតទឹកធ្វើអត្តឃាតខ្លួនឯង នៅវេលាម៉ោង ១០និង០០នាទីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសាលាក្រៅនិងកម្លាំងអធិការរងផ្នែកព្រហ្មទណ្ឌបានទទួលការរាយការណ៍ពីលោកមេភូមិភ្នំកុយថា÷មានករណីបុរសម្នាក់សង្ស័យលោតទឹកធ្វើអត្តឃាតខ្លួនឯង ដោយស្លាប់ អណ្ដែតទឹកនៅចំណុចស្ទឹងកុយខាងលិចស្ពានប្រហែល ៥០០ម៉ែត្រ ស្ថិតនៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅខេត្តប៉ៃលិន។

លោក អធិការរងផ្នែកជំនាញព្រហ្មទណ្ឌបានបន្តថា÷ កម្លាំងវេនប្រចាំការ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅនិងកម្លាំងប៉ុស្តិ៍រដ្ឋបាលសាលាក្រៅ សហការជាមួយលោកមេភូមិ និងប្រជាការពារភូមិកំពុងចុះមុជទឹករកជនរងគ្រោះ រហូតមកដល់វេលាម៉ោង ១២និង៥៦នាទី ថ្ងៃខែឆ្នាំដដែល ទើបរកសាកសពឃើញអណ្ដែតទឹកស្ទឹង។

ជនរងគ្រោះមានឈ្មោះ ប៉ង់ ភេទប្រុស អាយុ ៣៩ឆ្នាំ បានមកស្នាក់នៅវត្តគិរីចេតីយ៍ ហៅវត្តភ្នំកុយចំនួន ០១ខែ ដោយមិនទាន់ស្គាល់អត្តសញ្ញាណបុរសនោះច្បាស់លាស់ឡើយ។

តាមលោក អធិការរងផ្នែកជំនាញព្រហ្មទណ្ឌបានបន្តទៀតថា÷ ក្រោយពីកម្លាំងជំនាញផ្នែកពិនិត្យកន្លែងកើតហេតុធ្វើកោសល្យវិច័យរួចមកបានសន្និដ្ឋានថា៖ សពខាងលើពិតជាបានស្លាប់ដោយសារលោតទឹកសម្លាប់ខ្លួនឯងពិតប្រាកដមែន។

បច្ចុប្បន្នកម្លាំងនគរបាលជំនាញស្រុកសាលាក្រៅបាន ប្រគល់សាកសពបុរសនោះជូនគណៈកម្មាធិការវត្ត រៀបចំធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ស សារ៉េត


ចែករំលែក៖