ព័ត៌មានទាន់ហេតុការណ៍៖

លិចទូកនេសាទមួយគ្រឿងបាត់ខ្លួនម្នាក់ជួយសង្រ្គោះបាន២នាក់នៅកោះតាកៀវ

ចែករំលែក៖

ខេត្ត​ព្រះ​សីហនុ ៖ មនុស្ស២នាក់បានជួយសង្រ្គោះនិងម្នាក់ទៀតបាត់ខ្លួនរកមិនទាន់ឃើញដោយសារតែលិចទូកនៅ​ចំណុច​ខាងត្បូង​កោះ​តា​កៀវ ស្ថិត​ក្នុងភូមិ​អ៊ុ​ង ឃុំ​រាម ស្រុក​ព្រៃ​នប់។

ករណី​លិច​ទូក​នេសាទ​​ប្រភេទ​បេ​អឺ មួយ​គ្រឿង នេះនៅ​លើ​ទូក​ដែល​លិច​នោះ​ គឺ​មាន​មនុស្ស​ចំនួន​៣​នាក់ ហើយ​ត្រូវ​បាន​ជួយ​សង្គ្រោះ​ចំនួន​២​នាក់ និង​បាត់​ខ្លួន​១​នាក់ ដែលកំពុងតែស្វែងរក។

សមត្ថកិច្ចបានឲ្យដឹងថាជន​រង​គ្រោះ​ទាំង​២​នាក់​ដែល​​ជួយ​សង្គ្រោះ​បាន​ គឺ​ម្នា​ក់​មាន​​ឈ្មោះ លយ សុខ​ជា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូ​មិច​ង្ហោ​ន ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្តកំពត និង​ម្នាក់​ទៀត​ឈ្មោះ គង់ សុ​ភេ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ សង្កាត់​១ ក្រុងព្រះ​សីហនុ។ ចំណែក​ជន​រង​គ្រោះ​១​នាក់ទៀត​ ដែល​បាន​បាត់​ខ្លួន ​មានឈ្មោះ សុខ គឿ ហៅ​ម៉ា​ប់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ខេត្តព្រៃវែង ។

សូមបញ្ជាក់ថាចំពោះ​មូលហេតុ​ដែល​ធ្វើ​ឱ្យ​ទូក​ខាង​លេី​នោះ​លិច​ គឺ​បណ្តាល​មក​ពី​មាន​ខ្យល់​ធ្លាក់​ខ្លាំង និង​ទឹកសមុទ្រ​មាន​រលក​ធំ​ៗ​ ទើប​បណ្តាល​ឱ្យ​បោកបក់​ចំ​ទូក​លិច​តែ​ម្តង ។

សម្ភារៈ​ដែល​បាត់បង់​រួម​មាន​ ទូក​នេសាទ ប្រភេទ​បេ​អឺ ១​គ្រឿង ពណ៌​ត្រួយ​ចេក មាន​ប្រវែង​បណ្តោយ​១០,៥០​ម៉ែត្រ ទទឹង​ប្រវែង​២,៧០​ម៉ែត្រ ម៉ាស៊ីន​ម៉ាក HYUNDIA (​ម៉ាស៊ីន​ឡាន​) ១​គ្រឿង និង​ឧបករណ៍​នេសាទ​មួយ​ចំនួន ។

បច្ចុប្បន្ន​ ជន​រង​គ្រោះ​ដែល​បាន​បាត់​ខ្លួន​១​នាក់ ក្នុង​ករណី​លិច​ទូក​ខាង​លើនេះ សមត្ថកិច្ច​ និង​អាជ្ញាធរ​មូលដ្ឋាន​កំពុង​បន្ត​ស្វែង​រក​ ដែល​សង្ស័យ​ថា ​អាច​ស្លាប់​បាត់​​បង់​ជីវិត​ទៅ​ហើយ ។

ការបើកបរនេសាទរបស់អ្នកទាំង៣ខាងលើនេះដោយមិនមានការប្រុងប្រយ័ត្នទើបបណ្តាលឲ្យជួបហេតុការណ៍បែបនេះ៕

ដោយ៖ អរុណរះ


ចែករំលែក៖