ព័ត៌មានទាន់ហេតុការណ៍៖

ប៊ុលហ្គារី ៖ គ្រោះអគ្គិភ័យឆាបឆេះមណ្ឌលព្យាបាលជំងឺកូវីដ-១៩

ចែករំលែក៖

នៅថ្ងៃទី១៤ខែវិច្ឆិកាមានគ្រោះអគ្គិភ័យកើតឡើងនៅមន្ទីរពេទ្យ ព្យាបាលជំងឺកូវីដ-១៩ ស្ថិតនៅទីក្រុង Sliven ភាគអាគ្នេយ៍នៃប្រទេសប៊ុលហ្គារី បណ្តាលឱ្យមានអ្នកជំងឺ៣នាក់ស្លាប់ ។ ក្រុមជួយសង្គ្រោះបានឱ្យដឹងថា អ្នកស្លាប់ទាំង៣នាក់ គឺជាមនុស្សប្រុស មានអាយុចាប់ពី៦៥ឆ្នាំឡើង ។ គ្រោះអគ្គិភ័យ បានឆាបឆេះនៅជាន់ទីបួននៃមន្ទីរពេទ្យ។
អ្នកជំងឺ៦នាក់ផ្សេងទៀតត្រូវបានជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព ។ ក្រសួងសុខាភិបាលនៃប្រទេសប៊ុលហ្គារី បានប្រកាសថា គ្រោះអគ្គិភ័យកើតចេញពីអ្នកជំងឺម្នាក់ជក់បារី។
បច្ចុប្បន្ន បណ្តាមន្ទីរពេទ្យនៅក្នុងប្រទេសប៊ុលហ្គារីពេញណែនទាំងអស់ ដោយសារតែអ្នកជំងឺកូវីដ-១៩ ។ ប្រទេសប៊ុលហ្គារី គឺស្ថិតនៅក្នុងប្រទេសចាក់វ៉ាក់សាំងបានតិចជាងគេបំផុតនៅក្នុងតំបន់អឺរ៉ុប ដោយមានតែ២៣%ប៉ុណ្ណោះបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ។
បច្ចុប្បន្នប្រទេសតំបន់អឺរ៉ុបកំពុងប្រឈមនឹងការឆ្លងរាលដាលកូវីដ -១៩ ជាទ្រង់ទ្រាយធំ ។ អង្គការសុខភាពពិភពលោកបានប្រកាសថា អឺរ៉ុបគឺជាចំណុលកណ្តាលនៃការឆ្លងកូវីដ-១៩ ដោយមានជាងពាក់កណ្តាលនៃអ្នកឆ្លង គឺស្ថិតនៅក្នុងតំបន់អឺរ៉ុប៕

រូបថត៖TTXVN-VNA

ដោយ៖ធីរីណា(រូបថត៖AFP)


ចែករំលែក៖