ខេត្តពោធិ៍សាត់៖ នៅថ្ងៃអាទិត្យ ទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២១ លោក កែវ រតនៈ ប្រធានកិត្តិយសសាខា និងលោក ជាវ តាយ ប្រធានគណៈកម្មាធិការសាខា រួមដំណើរដោយ សមាជិក សមាជិកា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់បងប្អូន កម្មករ-កម្មការិនីរោងចក្រសរុប ចំនួន ១,៩៧០ នាក់ ស្ថិតនៅវិទ្យាល័យហ៊ុនសែនក្រគរ និងវត្តក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។
នាឱកាសនោះ លោក កែវ រតនៈ ប្រធានកិត្តិយសសាខាបាន ពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលលោកតែងតែយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខបងប្អូន កម្មករ-កម្មការិនី រោងចក្រ ដោយមិនប្រកាន់ពីវណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ ពោលគឺ “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” និងសូមជូនពរបងប្អូនកម្មករ-កម្មការិនីទាំងអស់ជួបប្រទះនូវសុខភាពល្អជៀសផុតពីជំងឺកូវីដ-១៩ទាំងអស់គ្នា។
សូមបញ្ជាក់ អំណោយដែលផ្តល់ជូនក្នុងម្នាក់ៗទទួលបាន៖ អង្ករ ២៥គីទ្បូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកត្រី ១យួរ, ម៉ាស់ ១០បន្ទះ និងអាល់កុលចំនួន ១ដបតូចផងដែរ៕
ដោយ ៖ សិលា