ព័ត៌មានទាន់ហេតុការណ៍៖

បុរសញៀនល្បែងនិងថ្នាំប្រពន្ធសុំលែងយកកាំបិតរករឿងប្រពន្ធត្រូវអាវុធហត្ថឃាត់ខ្លួន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បុរសញៀនថ្នាំញៀននិងល្បែង តែងតែគំរាមប្រពន្ធយកទ្រព្យសម្បត្តិក្នុងផ្ទះទៅលក់លេងល្បែង និងទិញថ្នាំជក់ជាប្រចាំ ប្រពន្ធសុំចែកផ្លូវខឹងប្រពន្ធយកកាំបិតផ្គាក់រករឿងប្រពន្ធកូន ត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួននៅថ្ងៃទី១៣ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

 លោក នួន នីណារ៉ូ មេបញ្ជាមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ប្រាប់ឱ្យដឹងថា ជនសង្ស័យឈ្មោះ សោ ហ៊ុល អាយុ៤២ឆ្នាំ រស់នៅជាប្រពន្ធកូន នៅក្នុងភូមិបាលិលេយ្យ២ សង្កាត់.ក្រុងប៉ោយប៉ែត។ កាលនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅទទួលបានការរាយការណ៍តាមទូរស័ព្ទថាមានករណីប្តីវាយប្រពន្ធ ភា្លមនោះលោកបានបញ្ជាកម្លាំងចុះទៅដល់ផ្ទះជនរងគ្រោះបានឃាត់ខ្លួនជនសង្ស័យជាប្តី ព្រមទាំងដកហូតវត្ថុតាងកាំបិតប៉័ងតោ១ដើម និងកាំបិតកែច្នៃ១ដើម។

  លោកបញ្ជាក់ថា ពេលសួរនាំជនសង្ស័យឆ្លើយថា ខ្លួនតែងតែយកទ្រព្យសម្បត្តិក្នុងផ្ទះទៅលក់ដើម្បីទិញគ្រឿងញៀនមកប្រើប្រាស់ជាប្រចាំ ពេលដើរលេង និងប្រើប្រាស់គ្រឿងញៀនរួច មកដល់ផ្ទះ ប្រពន្ធរបស់ខ្លួនមិនឲ្យចូលផ្ទះ ហើយព្រមទាំងទាមទារចែកផ្លូវគ្នា ទើបធ្វើឲ្យខ្លួនខឹង(ជនសង្ស័យ)ទាញកាំបិតទៅរករឿងប្រពន្ធ តែត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតែម្តង។ ក្រោយសារភាព ជនសង្ស័យត្រូវបានកសាងសុំណុំរឿងបញ្ជូនទៅកាន់ជំនាញកងរាជអាវុធហត្ថខេត្ត ហើយជំនាញក៏បានបញ្ជូនបន្តទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់ហើយ៕

ដោយ៖ វណ្ណា


ចែករំលែក៖