ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង បានសម្រេចរួមគ្នាក្នុងការជំរុញទំហំ ពាណិជ្ជកម្មរវាងកម្ពុជា នឹងចិនឱ្យបាន១ម៉ឺនដុល្លារក្នុង១ឆ្នាំ និងសម្រេចដាក់ឱ្យចូលជាធរមានពាណិជ្ជកម្មរវាងកម្ពុជា នឹងចិនឱ្យបាន១ម៉ឺនលានដុល្លារក្នុង១ឆ្នាំ និងសម្រេចដាក់ឱ្យចូលជាធរមាននូវកិច្ចព្រមព្រៀងសេរីរវាងប្រទេសទាំងពីរនៅខែ មករា ឆ្នាំ២០២២ខាងមុខផងដែរ។ នេះបើតាមលទ្ធផលនៃជំនួបរវាងសម្តេចតេជោ នឹងលោក លី ខឺឈាង នៅរសៀលថ្ងៃនេះ។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោបានឱ្យអ្នកសារព័ត៌មានដឹងថា ក្នុងជំនួបរវាងសម្តេចតេជោ នឹងលោក លី ខឺឈាង ប្រមុខរដ្ឋាភិបាលទាំងពីរបានសម្រេចរួមគ្នាដាក់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសកម្ពុជា-ចិនឱ្យចូលជាធរមាននៅខែមករា ឆ្នាំ២០២២ខាងមុខ ហើយប្រទេសទាំងពីរក៏នឹងជួយគ្នាទៅវិញទៅមកដល់ការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម និងទំនាក់ទំនងរវាងប្រជាជននឹងប្រជាជនឱ្យ កាន់តែរីកចម្រើនផងដែរ។
លោកបញ្ជាក់ថា៖ «ពាក់ព័ន្ធនឹងករណីនេះ សម្តេចតេជោ និងលោក លី ខឺឈាង បាន ឯកភាពគ្នាក្នុងការជំរុញពាណិជ្ជកម្មឱ្យកើនឡើងដល់១០ពាន់លានដុល្លារក្នុងមួយឆ្នាំ» ។
កម្ពុជាបានសម្រេចយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរាជរដ្ឋាភិបាលកម្ពុជា នឹងរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន កាលពីខែកញ្ញា ឆ្នាំ២០២១កន្លងទៅ ខណៈអ្នកវិភាគសេដ្ឋកិច្ចយល់ថា កិច្ចព្រមព្រៀងនេះនឹងធ្វើឱ្យចិនក្លាយជាទីផ្សារធំនៃវិស័យកសិកម្មកម្ពុជា ដែលជួយឱ្យប្រជាកសិករមានជីវភាពល្អប្រសើរជាងមុន។
ទំហំពាណិជ្ជកម្មកម្ពុជា-ចិនក្នុងឆ្នាំ២០២០កន្លងទៅមានទំហំប្រមាណជាង៨ពាន់លានដុល្លារ ដែលកើនឡើងជាង៥,២%បើធៀបនឹងឆ្នាំ២០១៩៕
ដោយ ៖ សិលា