ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រសាសន៍ថា, រសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ វ៉ាក់សាំង Astrazeneca ចំនួន៣២៤,០០០ដូសបន្ថែមទៀត ដែលផ្ដល់ជូនតាមរយៈយន្ដការកូវ៉ាក់ បានដឹកមកដល់ប្រទេសកម្ពុជាយើងទៀតហើយ។ ការមកដល់នូវវ៉ាក់សាំងតាមរយៈយន្ដការកូវ៉ាក់លើកនេះ ជាលើកទី៣ហើយ។
សម្តេចតេជោ ហ៊ុនសែន បានថ្លែងបន្តថា ,សូមជម្រាបថា គិតត្រឹមថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ កម្ពុជាបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សរុបប្រមាណ៣០លានដូសហើយ ដើម្បីចាក់ជូនប្រជាពលរដ្ឋ ក្នុងនោះប្រទេសចិន បានផ្គត់ផ្គត់វ៉ាក់សាំង ដល់កម្ពុជាច្រើនជាងគេបង្អស់។ ក្រៅពីនោះ មានអង្គការសុខភាពពិភពលោក តាមរយៈយន្តការកូវ៉ាក់ ប្រទេសជប៉ុន អង់គ្លេស និងសហរដ្ឋអាមេរិក តាមរយៈកូវ៉ាក់ផងដែរ។
សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន បន្តថា, កម្ពុជាត្រូវបានចាត់ទុកថា ជាប្រទេសមួយឈានមុនគេក្នុងតំបន់អាស៊ាន ដែលទទួលជោគជ័យខ្លាំងលើផែនការនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ៕
ដោយ៖ សុខ ខេមរា