ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនម្នាក់ខឹងសុំលុយម្តាយមិនបានគ្រប់ចំនួន ក៏រករឿងម្ដាយនិងបងប្អូន រហូតឈានដល់យកកាំបិតផ្គាក់ដេញកាប់ម្ដាយ និងបងប្អូនខ្លួនឯងផ្អើលដល់ប្រជាពលរដ្ឋជិតខាង ជួយឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់។ ករណីនេះបានកើតឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ០៨និង០០នាទីព្រឹក នៅចំណុចភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។
មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ញ៉ែម សុផល ហៅ ប៉ិ ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល (ត្រូវជាម្ដាយបង្កើត) ។ ចំណែកជនសង្ស័យឈ្មោះ ខុន រ៉ាឌី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (មានផ្ទុកនូវសារធាតុញៀន) មានទីលំនៅភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល (ត្រូវជាកូនបង្កើត) ។
វត្ថុតាងចាប់យក: កាំបិតចំនួន០១ (ផ្លែដែក ដងឈើ) មានប្រវែងសរុប៣៨ស.ម ។
ប្រភពដដែលបន្តថា កន្លងមកឱ្យតែជនសង្ស័យប្រើប្រាស់គ្រឿងញៀនរួច តែងតែរករឿង ស្រែកជេរឡូឡា និងគំរាមកំហែងចង់សម្លាប់ម្ដាយជាញឹកញាប់។
លុះនៅថ្ងៃ ខែ ឆ្នាំ និងវេលាម៉ោងកើតហេតុខាងលើជនសង្ស័យបានសុំលុយម្ដាយរបស់ខ្លួន ដើម្បីយកទៅចាយវាយ តែម្ដាយឱ្យលុយបានតែបន្ដិចបន្តួចទើបគេមិនសុខចិត្តបានរករឿង ជេរប្រមាថម្ដាយរបស់ខ្លួន។ ក្រោយមកបងប្រុសរបស់ជនសង្ស័យបានឮប្អូនរបស់ខ្លួនជេរប្រមាថម្ដាយ ទ្រាំពុំបានក៏ស្ទុះមកទះមាត់ជនសង្ស័យមួយដៃ ធ្វើឱ្យជនសង្ស័យខឹង ក៏បានចូលទៅយកកាំបិតពីក្នុងផ្ទះមកដេញកាប់បងប្រុសរបស់ខ្លួន ហើយត្រូវបានម្ដាយឃាត់ ភ្លាមនោះជនសង្ស័យក៏បានខឹងនឹងម្ដាយ រួចក៏ដេញកាប់ម្ដាយរបស់ខ្លួនថែមទៀតផង តែត្រូវបានអ្នកជិតខាងជួយឃាត់ទើបមិនបណ្ដាលឱ្យជនរងគ្រោះមានរបួស ។
ដោយទ្រាំនឹងទង្វើរបស់កូនខ្លួនមិនបាន ជនរងគ្រោះជាម្ដាយបានរាយការណ៍ប្ដឹងមកសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកគយឲ្យជួយធ្វើអន្តរាគមន៍ ។
ក្រោយពេលទទួលបានបណ្ដឹងពីជនរងគ្រោះខាងលើភ្លាម កម្លាំងនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយសហការជាមួយកម្លាំងប្រជាការពារ បានចុះទៅដល់កន្លែងកើតហេតុ និងបាននាំខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងខាងលើបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីតែម្ដង៕
ដោយ៖ ស្អាងជ័យ