ខេត្តកំពង់ចាម៖ សម្ភារអនាម័យមួយចំនួនត្រូវបានប្រគល់ជូន រដ្ឋបាលស្រុកកងមាស និងការិយាល័យអប់រំ យុវជន និងកីឡាស្រុក ដើម្បីធ្វើការចែកជូនបន្តទៅបណ្ដាអង្គភាពពាក់ព័ន្ធដែលត្រូវទទួលបានសម្ភារទាំងអស់នេះ សម្រាប់ផ្គត់ផ្គង់ដល់បងប្អូនកំពុងជាប់ធ្វើចត្តាឡីស័ក។
សម្ភារដែលត្រូវប្រគល់ជូនរួមមាន ម៉ាស់ចំនួន៨៥០ប្រអប់=១៧កេស ម៉ាស់ក្រម៉ាចំនួន១៨៨០ ប្រដាប់លាងដៃចំនួន៣០ ម៉ាស៊ីនវាស់កម្ដៅអូតូចំនួន២៦ ខ្ញីទឹកឃ្មំចំនួន២៧កេស ស្បែកជើងកីឡាចំនួន៣៥០គូ។ ការផ្ដល់ជូននេះគឺជាការរួមចំណែកមួយជួយដល់អង្គភាពក្រោមឱវាទលើផ្នែកសេវា សុខភាព អនាម័យ ជាពិសេសគឺការពារដល់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងអំឡុងពេលដែលប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលកំពុងតែរងវិបត្តិ។
ការប្រគល់ជូននេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ២០២១ ក្នុង វិទ្យាល័យ ហ៊ុន សែន កងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម ក្នុងឱកាសនេះដែរលោកបណ្ឌិតបានវាយតម្លៃខ្ពស់ចំពោះរដ្ឋបាល ឃុំ ស្រុក ក្រុមប្រឹក្សាស្រុកដែលបានសហការយ៉ាងជិតស្និទ្ធក្នុងការជួយដល់ប្រជាជននៅក្នុងស្រុកកងមាសជាពិសេសគឺឃុំកងតាណឹង ដើម្បីផ្ដល់នូវសេវាក្នុងការព្យាបាលក៏ដូចជាសេវាក្នុងការធ្វើចត្តាឡីស័ក ធ្វើឲ្យស្រុកកងមាសបានឆ្លងផុតពីផលលំបាកដែលកន្លងមកត្រូវបានវាយលុកខ្លាំងដោយជំងឺកូវីដ-១៩៕
ដោយ ៖ សិលា