ខេត្តព្រះសីហនុ៖ អគ្គិភ័យបានឆាបឆេះទីតាំងបន្ទប់ខារ៉ាអូខេមួយកន្លែងដែលម្ចាស់ទុកចោល បង្កការភ្ញាក់ផ្អេីលដល់កម្លាំងនគរបាលនៃ អធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានចេញរថយន្តពន្លត់អគ្គិភ័យ ចំនួន១គ្រឿង ដើម្បីអន្តរាគមន៍បាញ់ពន្លត់ទាន់ពេលវេលា កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃអង្គារ១២កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ស្ថិតនៅភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
បេីយោងតាមប្រភពព័ត៍មានពីមន្រ្តីនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ក្នុងករណីអគ្គិភ័យខាងលេីនេះ ដោយមានការដឹកនាំបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលនៃ អធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន១គ្រឿង ដើម្បីជួយអន្តរាគមន៍បាញ់ពន្លត់ទៅវិញភ្លាមៗផងដែរ។
ប្រភពដដែលបន្តថា ករណីអគ្គិភ័យខាងលើនេះ មូលហេតុគឺបណ្តាលមកពីឆ្លងចរន្ដអគ្គីសនី។ ប៉ុន្តែករណីអគ្គីភ័យនេះដែរ មិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សទេ និងខូចខាតសម្ភារនៅក្នុងបន្ទប់(ខារ៉ាអូខេ)មួយចំនួន៕
ដោយ៖សហការី