ខេត្តបាត់ដំបង ៖ យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថាមានបុគ្គលិកស្រីដែលបំរើការពេលយប់នៅក្នុងស្ថានីយប្រេងមួយកន្លែង ត្រូវចោរចូលលួចយកម៉ូតូ រួចជិះគេចខ្លួនបាត់ដោយសុវត្ថិភាព។
ហេតុការណ៍នេះគឺ ខណៈនាងកំពុងដេកលក់នៅកន្លែងធ្វើការ តែសកម្មភាពជនដៃដល់បានជាប់នៅក្នុងកាមេរ៉ាសុវត្ថិភាពដែលបំពាក់នៅក្នុងស្ថានីយ៍ប្រេងនោះទុកយកឲ្យសមត្ថកិច្ច តាមរក ។
រឿងចោរកម្មខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី១៦ វិច្ឆិកា នៅក្នុងស្ថានីយប្រេងយីហោ«ហេងឆៃលី» ស្ថិតក្នុងភូមិស្វាយកង់ ឃុំអន្លង់វិល ស្រុកសង្កែ ។
ម្ចាស់ម៉ូតូដែលជាជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ យឿន ឧស្សាហ៍ ភេទស្រី អាយុ២២ឆ្នាំ រស់នៅភូមិព្រៃចែក ឃុំកំពង់ព្រះ ស្រុកសង្កែ។
ម្តាយមីងរបស់ជនរងគ្រោះនិយាយថា ក្មួយស្រីគាត់ឈ្មោះ យឿន ឧស្សាហ៍ ជាបុគ្គលិកបំរើការនៅស្ថានីយប្រេង «ហេងឆៃលី» ខាងលើនេះ ហើយនាងធ្វើការនៅពេលយប់ដោយម៉ូតូនោះក្មួយស្រីគាត់បានជិះទៅធ្វើការពេលយប់ជាធម្មតា ហើយបានទុកក្នុងខាងមុខម៉ាត ដែលស្ថិតក្នុងស្ថានីយ៍ប្រេងដូចសព្វដងដែរ ។
ប៉ុន្តែពេលនាងដេកលក់ ស្រាប់តែមានចោរបានចូលយកម៉ូតូនៅទុកខាងមុខម៉ាតដូចរាល់យប់ តែមិនបានចាក់សោ.កទេ។
ជនរងគ្រោះនិយាយថា រហូតដល់យប់ជ្រៅ នាងក៏ដេកនៅក្នុងស្ថានីយ៍ លុះនៅវេលាម៉ោងជិត៥ភ្លឺ ពេលនាងភ្ញាក់ឡើងស្រាប់តែបាត់ម៉ូតូ ទើបមានការផ្អើលឆោឡោតែម្ដង។
នាងបានបញ្ជាក់ថា ពេលនោះ នាងនិងបុគ្គលិកដទៃទៀតបានឆែកមើលក្នុងកាមេរ៉ាសុវត្ថិភាព ស្រាប់តែឃើញជនម្នាក់ពាក់មួកសុវត្ថិភាព បានដើរចូលទៅអូសយកម៉ូតូចេញពីស្ថានីយ៍ប្រេង នៅវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី១៦ វិច្ឆិកា រួចជិះចេញបាត់តែម្ដង ។
សូមបញ្ជាក់ថា ម៉ូតូជនរងគ្រោះម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ បាត់ដំបង 1AM-0633៕
ដោយ៖ អរុណរះ