ខេត្តកំពង់ធំ ៖ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដំណើរការបើកចែកអាវរងាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់យោធិនក្រោមឱវាទទាំងអស់ សម្រាប់ប្រើប្រាស់ក្នុងរដូវរងាឆ្នាំនេះ ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អគ្គភស្តុភារជាន់ខ្ពស់នៃកងកម្លាំងប្រដាប់អាវុធជាតិ កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែគិតគូរ ព្រួយបារម្ភ ពីសុខភាពរបស់កងម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ពិសេសកងយោធពលខេមរភូមិន្ទយើង ដែលយាមប្រចាំការនៅតាមព្រំដែន ដោយក្នុងរដូវវស្សាលោកបានផ្ដល់អាវភ្លៀង និងក្នុងរដូវត្រជាក់ លោកបានផ្ដល់អាវរងាសម្រាប់ប្រើប្រាស់ជារៀងរាល់ឆ្នាំ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានដាក់បទបញ្ជាដល់កងកម្លាំងទាំងអស់ ត្រូវប្តេជ្ញាចិត្តដាច់ខាត ក្នុងការ ការពារ ជាតិសាសនា ព្រះមហាក្សត្រ រាជរដ្ឋាភិបាលស្របច្បាប់ និងការពារបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យបានគង់វង្ស ហើយយោធិនម្នាក់ៗ ត្រូវចេះថែរក្សាសុខភាព ការពារទប់ ស្កាត់កុំឲ្យមានជំងឺឆ្លងផ្សេងៗ ដោយនៅក្នុងរដូវរងានេះ មានការប្រែប្រួលធាតុអាកាស នាំឲ្យមានជំងឺផ្ដាសាយ ពិសេសត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការ ការពារខ្លួន និងក្រុមគ្រួសារកុំឲ្យឆ្លងជំងឺកូវីដ-១៩ ដោយត្រូវបន្តអនុវត្តន៍ ឲ្យបានខ្ជាប់ខ្ជួននូវវិធាការ ៣ការពារ និង៣កុំ របស់សម្តេចតេជោ ហ៊ុនសែន ទោះបីយើងទាំងអស់គ្នាបានចាក់វ៉ាក់សាំងប្រឆាំងមេរោគកូវីដ-១៩ រួចហើយក្តី៕
ដោយ៖ សូរិយា