ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បេីករថយន្តទាំងស្រវឹងបុករថយន្តមួយគ្រឿងទៀតរងការខូចខាត

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់ស្រវឹងជោគបានបេីករថយន្តព្រូសក្នុងល្បឿនលឿនជ្រុលបុករថយន្តស្តារិចមួយគ្រឿងទៀតពីក្រោយពេញទំហឹងបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ​ កាលពីវេលាម៉ោង៨យប់ថ្ងៃទី១៦​ ខែវិច្ឆិកា​ ឆ្នាំ២០២១​ នៅចំណុចច្រកចូលវត្តគោកខ្សាច់​ តាមបណ្តោយផ្លូវជាតិលេខ៣​ ស្ថិតក្នុងសង្កាត់ភ្លេីងឆេះរទះ​ ខណ្ឌកំបូល​ រាជធានីភ្នំពេញ​។ 

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកស្តារិច​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2K 4153 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣​ ក្នុងទិសដៅពីជេីងទៅត្បូងខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានបុរសម្នាក់បេីករថយន្តម៉ាកព្រូស​ ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ2BB.0394 បេីកបរទាំងស្ថានភាពស្រវឹងជោគធ្វេីដំណេីរមកពីក្រោយក្នុងល្បឿនលឿនក៏ជ្រុលបុកពេញទំហឹងបណ្តាលឱ្យរថយន្តបង្ករងការខូចខាតផ្នែកខាងមុខយ៉ាងដំណំតែសំណាងមិនមានមនុស្សរងរបួស​ ។ 

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុនិងទំនាក់ទំនងជំនាញមកធ្វេីការវាស់វែងយករថយន្តទាំង២គ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌកំបូលដេីម្បីរង់ចាំដោះស្រាយពេលក្រោយ៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖