ព័ត៌មានទាន់ហេតុការណ៍៖

ជនត្រូវចោទ២នាក់ ពាក់ព័ន្ធបទល្មើសឃាតកម្មនៅបឹងទំពន់ ចៅក្រមផ្ដន្ទាទោសឃាតកចំនួន៨ឆ្នាំ

ចែករំលែក៖

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរអមសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមកាលពីសៀលថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដាក់ពន្ធនាគារកំណត់៨ឆ្នាំលើជនត្រូវចោទ២នាក់ដែល ជាជនដៃដល់សម្លាប់ជនរងគ្រោះ នៅសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោមការចោទប្រកាន់ពីបទឃាតកម្ម តាមមាត្រា១៩៩នៃក្រមព្រហ្មទណ្ឌ ។ 

ជនត្រូវចោទដែលជាជនដៃដល់ឈ្មោះ កែវ យិនភី ហៅ តួ អាយុ ២៧ ឆ្នាំ មាន ទីលំនៅ ភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានមុខរបរជាអ្នករត់ម៉ូតូកង់បីឥណ្ឌា (មានផ្ទុកសារធាតុញៀន) និងបក្ខពួក ម្នាក់ ទៀត ឈ្មោះ រ៉េត បញ្ញា ហៅ ម៉ុក អាយុ ២៤ឆ្នាំ មានទីលំនៅភូមិ ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនរងគ្រោះក្នុងអំពើឃាតកម្មនេះ មានឈ្មោះ ម៉ុក អង្គាររស្មី អាយុ ៣៥ឆ្នាំ មាន ទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិសន្សំកុសល៣ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខ របរមិនពិតប្រាកដ ។

  សូមរំលឹកថា កាលពីវេលាម៉ោង ១ និង ៣០នាទីរំលងអធ្រាត្រ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ បុរសជនសង្ស័យឈ្មោះ កែវ យិនភី និង រ៉េត បញ្ញា បានផឹកស្រាបៀរអស់ម្នាក់ចំនួន០២កំប៉ុងនៅ មុខផ្សារបឹងទំពុន ។ ពេល ផឹករួចក៏បើកម៉ូតូកង់បីឥណ្ឌារបស់ខ្លួនឡើង ទៅលើផ្លូវ២៧១ ក៏បាន ប្រទះឃើញបុរស ជនរងគ្រោះ ឈ្មោះ ម៉ុក អង្គាររស្មី កំពុងជិះម៉ូតូកង់បីខ្មែរ ដែលធ្លាប់មានទំនាស់ជាមួយ ជនសង្ស័យឈ្មោះ កែវ យិនភី ប្រមាណកន្លះខែមុន។

បន្ទាប់មកជនរងគ្រោះ ម៉ុក អង្គារស្មី បានចុះពីលើ ម៉ូតូកង់បីខ្មែរមកប្រតាយប្រតប់គ្នាជាមួយជនសង្ស័យឈ្មោះ កែវ យិនភី ខណៈនោះជនរងគ្រោះបានរត់ទៅយក បន្ទះឈើប្រវែង១ម៉ែត្រ មកវាយជនសង្ស័យឈ្មោះកែវ យិនភីឱ្យរបួសដៃខាងឆ្វេង ។បន្ទាប់មកឈ្មោះ រ៉េត បញ្ញា បានចូលទៅជួយ បក្ខពួកខ្លួនស្រាប់តែជនរងគ្រោះបានរត់ចេញ ហើយទៅវាយកញ្ចក់មុខ ម៉ូតូកង់បីឥណ្ឌារបស់ជនសង្ស័យឈ្មោះ កែវ យិនភី ហៅតួ បណ្តាល ឱ្យបែកខ្ទេចហើយក៏បានរត់គេចខ្លួន ។ ពេលនោះជនសង្ស័យទាំងពីរនាក់ បានបើកម៉ូតូកង់បីឥណ្ឌា ដេញតាមពីក្រោយ មកដល់នៅចំណុច កើតហេតុ (មុខផ្ទះលេខ ៣១២ ផ្លូវលំភូមិសន្សំកុសល៣សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ) ក៏បំបុកជនរងគ្រោះពីក្រោយបណ្ដាលឱ្យដួលដាច់ផ្ងារ និងបានយកដុំថ្មទម្រជើងឆ័ត្រវាយបន្ថែមទៀតបណ្តាលឲ្យស្លាប់នៅនឹងកន្លែងហើយបានបើកម៉ូតូកង់បីឥណ្ឌានោះរត់គេចខ្លួនបាត់តែម្ដង។

លុះព្រឹកឡើងថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២១ សពបុរស រងគ្រោះត្រូវបាន គេប្រទះឃើញដេក ស្លាប់នៅក្នុងថ្លុកឈាម មានសភាពរងរបួស បែកក្បាលនិងបាក់ជើង បង្កការភ្ញាក់ផ្អើល នៅចំណុចកើតហេតុខាងលើ។

បន្ទាប់មកកម្លាំងអធិកាដ្ឋានរនគរបាលខណ្ឌមានជ័យ និងកម្លាំងប៉ុស្តិ៍នគរបាល បឹងទំពន់ទី១ បានសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់នៅចំណុចមុខផ្សារបឹងទំពន់ ភូមិសន្សំកុសល៣ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ។ រួចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ រហូតដល់ថ្ងៃត្រូវកាត់ទោសនិងផ្ដន្ទាទោសនេះ ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖