ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការលើសំណុំសុំនៅក្រៅឃុំរបស់សមាជិកអតីតគណបក្សសង្គ្រោះជាតិចំនួន១៤នាក់ដែលកំពុងជាប់ពន្ធនាគារព្រៃស ។នេះបើយោងតាមឯកសារដែលមេធាវីការពារជនជាប់ចោទដាក់ជូនតុលាការ ( មេធាវី សំ សុគង់ ) ។
សូមបញ្ជាក់ថា ជនជាប់ចោទទាំង១៤នាក់ដែលតុលាការគ្រោងនឹងជំនុំជំរះតាមពាក្យស្នើសុំនៅក្រៅឃុំរួមមាន ៖
១/ ហេង ច័ន្ទសុទ្ធី ហៅធី ២/ កាក់ កម្ភារ ៣/ យឹម សារ៉េត ៤/ ពៀត ម៉ាប់ ៥/ សុខ ចាន់ថា ៦/ ឃឹម ភាណា ៧/ ស៊ុន ធន ៨/ ញែម វាន ៩/ ជុំ ចាន់ ១០/ ថៃ គន្ធា ១១/ កែវ ថៃ ១២/ ឡុង ផារី
១៣/ ងិន ឃាង ១៤/ ឃុត ច្រិក ។
យោងតាមឯកសារដែលលោកមេធាវី សំ សុគង់ មេធាវីការពារផ្លូវច្បាប់អោយជនជាប់ចោទបានបញ្ជាក់ថា សំណុំរឿងកូនក្ដីរបស់ខ្លួន ត្រូវបានលោក រស់ ពិសិដ្ឋ ជាប្រធានក្រុមប្រឹក្សាជំនុំជំរះបានបើកសវនាការរឿងក្ដីនេះច្រើនលើក ច្រើនសារ ប៉ុន្តែដោយបញ្ហាកូវីដ-១៩ បានផ្ទុះឡើងនៅទូទាំងប្រទេសកម្ពុជា ទើបសវនាការគ្រោងនៅថ្ងៃបន្ទាប់បានអូសបន្លាយរហូតដល់បច្ចប្បន្ន ហើយនៅមិនទាន់កំណត់កាលបរិច្ឆេតដើម្បីបើកសវនាការលើរឿងក្ដីនេះ ខៈណៈការឃុំច្លួនបណ្ដោះអាសន្នត្រូវអូសបន្លាយអស់រយៈពេលជិត២ឆ្នាំ បណ្ដាលអោយជនជាប់ចោទម្នាក់ក្នុងរឿងក្ដីកើតមានជំងឺស្ទើគ្រប់គ្នា ដូចជាជំងឺលើសសម្ពាធឈាម ជំងឺលើសអាសុីត ជំងឺសន្លាក់ ថ្លើម ជំងឺទឹកនោមផ្អែម ក្រពះពោះវៀនធ្ងន់ធ្ងរ ដែលត្រូវការព្យាបាលពីសំណាក់គ្រូពេទ្យជំនាញ និងមើលថែទាំពីក្រុមគ្រួសារ ។
ដោយមានការស្នើសុំពីសំណាក់មេធាវីការពារឲ្យជនជាប់ចោទទាំង១៤នាក់ ទើបតុលាការកំណត់យកថ្ងៃទី១៧ ខែវិច្ឆិកា ដើម្បីបើកសវនាការមុនអង្គសេចក្ដីលើសំណុំរឿង នៅក្រៅឃុំនេះ ៕
ដោយ ៖ រ៉ារ៉ា