ភ្នំពេញ ៖ លោក រស់ សាម៉ីឌី ចៅក្រមជំនុំជម្រះសាលា ដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានប្រកាសសាលក្រមផ្តន្ទាទោសលើជនជាប់ចោទពាក់ព័ន្ធសំណុំរឿងអំពើឃាតកម្មដោយទារុណកម្ម នឹងរំលោភសេពសន្ថវៈ ដាក់គុកអស់មួយជីវិត ។
សាលក្រមបានទុកសិទ្ធិឲ្យជនជាប់ចោទ ប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ ។ ជនជាឃាតកមានឈ្មោះ អុន ភាមុន ភេទប្រុស អាយុ៣០ឆ្នាំ ទីលំនៅក្រោយវត្តជ្រោយអំពិល ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
សូមរម្លឹកថា លោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ នេះ បានសម្រេចធ្វើការចោទប្រកាន់ជនជាឃាតកសម្លាប់ក្មេងប្រុ សអាយុ១០ ពីបទឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬអំពើរំលោភសេពសន្ថវៈតាមមាត្រា២០៥ នៃក្រមព្រហ្មទណ្ឌ ។
បទល្មើសដូចមានចែងតាមមាត្រាខាងលើនេះ ជនណាដែលបានប្រព្រឹត្តនូវអំពើឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬអំពើរំលោភសេពសន្ថវៈ ជាឃាតកម្មដែលកើតក្នុងពេល ឬ ក្រោ យពេលប្រព្រឹត្តអំពើទារុណកម្ម ឬ អំពើឃោរឃៅ ឬ អំពើរំលោភសេពសន្ថវៈនោះ ច្បាប់តម្រូវផ្តន្ទាទោសដាក់ពន្ធនាគារ អស់មួយ ជីវិត ។ បន្ទាប់ពីចោទប្រកាន់ជាផ្លូវការហើយ តំណាងអយ្យការបានចាត់បញ្ជូនទៅខាងចៅក្រមស៊ើបសួរ ដើម្បីសម្រេចឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។
សូមរម្លឹកទៀតថា កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការ នគរបាលខណ្ឌច្បារអំពៅ បានថ្លែងប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ក្រោយការសាកសួរលើឃាតក (ជាបងថ្លៃជីដូនមួយ)ពាក់ព័ន្ធករណីសម្លាប់កុមារអាយុ១០ឆ្នាំ នៅក្នុងព្រៃត្រែង តាមបណ្តោយផ្លូវថៃហ្គ័រ ក្នុងភូមិរបោះអង្កាញ់១ សង្កាត់ព្រែកឯងនោះ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិត ជាបានធ្វើសកម្មភាពរំលោភសេពសន្ថវៈ លើក្មេងប្រុសឈ្មោះ ជា ប៊ុនហេង អាយុ១០ឆ្នាំ មានទីលំនៅក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ពិតប្រាកដមែន ។
លោកអធិការ បន្តថា ដើមចមគឺឃាតកបានរៀបគម្រោងសម្លាប់ក្មេងប្រុសរងនោះ ដោយសាររូបគេខឹងឪពុកម្តាយកុមាររងគ្រោះ តែងតែមើលងាយមើលថោករូបគេ ថាជាមនុស្សខ្ជិលមិនចេះរកស៊ី នឹងគ្មានការងារធ្វើ ។ អង្គហេតុ កាលពីរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ជនជាឃាតកជាសាច់ថ្លៃ បានរៀបចំគម្រោងរួចជាស្រេច ដើម្បីនាំជនរងគ្រោះទៅរំលោភសម្លាប់ បន្ទាប់ពីដឹងថា ក្មេងប្រុសនោះកំពុងជិះកង់លេងតែម្នាក់ឯងនៅក្នុងវត្ត ជនសង្ស័យបានជិះម៉ូតូមួយគ្រឿងម៉ាក MSX ពណ៌ស ស្លាកលេខ ភ្នំពេញ 1FJ- 8384 ទៅបបួលជនរង គ្រោះរកទិញប្រហិតញុំានៅម្តុំផ្លូវថៃហ្គ័រ រួចជនសង្ស័យបានជិះម៉ូតូ ឌុបជនរងគ្រោះចេញទៅ ដោយនាំគ្នាញាុំប្រហិតនៅលេីម៉ូតូបណ្តើរ ។ ពេលកំពុងជិះម៉ូតូជាមួយគ្នានោះ ជនរងគ្រោះបានវាយក្បាលជនសង្ស័យពីក្រោយចំនួន២ដៃ ជាហេតុធ្វើឲ្យជនសង្ស័យកើតចិត្តខឹងខ្លាំង គួបផ្សំគំនុំចាស់ដែលដក់ក្នុងចិត្តស្រាប់ផង ទើបជន សង្ស័យជិះម៉ូតូទៅឈប់នៅកន្លែងស្ងាត់មួយ ហើយគេបាននិយា យលួងលោមបញ្ចុះបញ្ចូលជនរងគ្រោះ ឲ្យចុះទៅបេះក្រអៅឈូកជាមួយគេ ពេលនោះជនសង្ស័យក៏ធ្វើសកម្មភាពស្រាតខោជនរង គ្រោះ ប៉ុនប៉ងរំលោភសេពសន្ថវៈ តែត្រូវក្មេងប្រុសនោះប្រកែក ទើបបានធ្វើឲ្យជនសង្ស័យ វាយជនរងគ្រោះ២ដៃដួលផ្កាប់មុខទៅ លើដី ភ្លាមនោះជនសង្ស័យក៏ស្ទុះទៅកាច់មែកឈេីធំល្មម យកមកធ្វើសកម្មភាព វាយក្បាលជនរងគ្រោះបន្ថែមទៀត និងចាក់ត្រង់ពោះបណ្តាលឲ្យក្មេងប្រុសនោះស្លាប់តែម្តងទៅ ។
ពេលសម្លាប់ក្មេងប្រុសនោះហើយ ជនសង្ស័យធ្វើសកម្មភាពរំលោភម្តងទៀត តែដោយសាររូបគេភ័យពេក ការរំលោភសេពសន្ថវៈមិនបានសម្រេចទេ បន្ទាប់មកជនសង្ស័យបានជិះម៉ូតូគេចខ្លួន ទៅសំងំក្នុងផ្ទះនៅក្រោយវត្តជ្រោយអំពិល នឹងធ្វើដូចជាគ្មានរឿងអ្វីកើតឡើង ។ នៅយប់ថ្ងៃដែលជនសង្ស័យបានសម្លាប់ជនរងគ្រោះហើយ រូបគេបានសម្តែងធ្វើជាចិត្តល្អជួយជូនឪពុកម្តាយបង្កើត ដើររកក្មេងប្រុសនោះ ក្រោយពីបាត់ខ្លួនមិនឃើញចូលផ្ទះ ។
ប៉ុន្តែនៅពេលបាត់ខ្លួនកូនប្រុស អាណាព្យាបាលបានទៅដាក់ពាក្យបណ្តឹងដល់សមត្តកិច្ច ទើបដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ កម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ជាវ វិបុល បានចុះទៅសហការជាមួយការិយា ល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ នឹងនគរបាលខណ្ឌច្បារអំពៅ ដោយមានការជ្រោមជ្រែងពីសំណាក់អង្គភាពការពារកុមារ (CPU) ស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យតាម រយៈកាមេរ៉ាសុវត្តិភាព ។ ក្រោយពីឃាត់ខ្លួនជនជាឃាតក នារសៀលថ្ងៃទី៦ ខែមេសា កម្លាំងសមត្ថកិច្ចបាននាំជនសង្ស័យទៅធ្វើត្រាប់ អំពីសកម្មភាពវាយសម្លាប់ក្មេងប្រុសរងគ្រោះ នៅកន្លែងកើតហេតុ ខណៈមានមនុស្សកុះករទៅចោមរោមមើល ។
សូមបញ្ជាក់ទៀតថា សពក្មេងប្រុសអាយុ១០ឆ្នាំ នោះ ត្រូវបានប្រជាពលរដ្ឋអ្នកដើររកឃ្មុំ ប្រទះឃើញដេកស្លាប់អាក្រាតកាយ ក្នុងព្រៃត្រែងមួយកន្លែង ស្ថិតក្នុងដីឡូតិ៍គ្មានលេខ តាមបណ្តោយផ្លូវថៃហ្គ័រ ក្នុងភូមិរបោះអង្គាញ់១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាធានីភ្នំពេញ កាលវេលាម៉ោង១១ និង៣០នាទីថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ ដោយសភាពហើមស្អុយរលួយ មើលលែងចង់ស្គាល់ ។ ប៉ុន្តែសពនោះក៏ត្រូវបានអាណាព្យាបាលកំណត់ថា ជាកូនប្រុសរបស់គាត់ ៕
ដោយ ៖ រ៉ារ៉ា