ភ្នំពេញ៖ ពិតជាធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ក្រុមអ្នកគាំទ្រតារាចម្រៀង ទេព បូព្រឹក្ស ក្រោយពីនាងបានបញ្ចេញ Teaser MV របស់បទចម្រៀងថ្មីគឺបទ «Top of the Lady ឬ វីរនារី» ។ វាបានធ្វើឱ្យក្រុមអ្នកគាំទ្រពុះកញ្ជ្រោលជាមួយនឹងរូបភាពថ្មីប្លែកអស្ចារ្យ ដែលមិនអាចទប់ចិត្តមិនសរសើរមិនបានអំពីគុណភាព និងទិដ្ឋភាពនៃការផលិតបែបថ្មីមិនធ្លាប់មានកន្លងមក គឺមិនខុសពីខ្សែភាពយន្តខ្នាតធំស្តង់ដារ ឬបទចម្រៀងរបស់តារាបរទេសនោះឡើយ។
សម្រាប់ MV «Top of the Lady ឬ វីរនារី» គឺតារាចម្រៀង ទេព បូព្រឹក្ស បានលើកឡើងថា មហិច្ឆតានិងភាពអស្ចារ្យនៃ កេរដំណែលបុព្វបុរស បុព្វការីខ្មែរគឺបាន បន្សល់ទុកនូវភាពអស្ចារ្យ និងមហាសាលក្រៃលែង នេះគឺជាកាតព្វកិច្ចរបស់ខ្ញុំក៏ដូចជាកូនខ្មែរគ្រប់រូបក្នុងការចូលរួមរក្សានិងបង្ហាញទៅកាន់អម្បូរមនុស្សទូទាំងប្រទេស ទូទាំងទ្វីប ទូទាំងពិភពលោកឱ្យបានឃើញអំពីការបន្សល់ទុកនូវកេរមរតកដ៏មហិមាដែលសូម្បីតែមាសទំហំប៉ុនភ្នំក៏មិនអាចប្រៀបបាន ហើយរឹតតែមិនអាចនឹងយកមកកាត់ថ្លៃបានដោយសេចក្តីដឹងគុណចំពោះមាតាបិតាថែរក្សាដែនដីសុវណ្ណភូមិជាម្ចាស់ដ៏ប្រាកដដែលកូនសូមថ្វាយនូវស្នាដៃនេះទុកជាសារក៏ដូចជាការបំផុសបំផុលដល់កូនខ្មែរគ្រប់រូបមិនថានៅទីនេះឬកូនខ្មែរដែលនៅទីណាឱ្យតែមានឈាមជាខ្មែរឱ្យបានដឹងថា នេះជា សមិទ្ធផលដែលកើតចេញពីសេចក្តីប្រាថ្នារបស់កូនខ្មែរម្នាក់នេះមុននឹងបិទភ្នែក ត្រឡប់ទៅឋានវិញ ដោយកូនក៏បានធ្វើរឿងគប្បីដើម្បីមាតាបិតានិងដើម្បីដូនតាហើយ ។ សំណេរចុងក្រោយនេះសម្រាប់ វីរនារីទូទាំងសកលចូរចាំថា អ្នកគឺជាមាតាអ្នក គឺជាស្តេចរបស់អ្នក គឺជាមេទ័ពរបស់អ្នក គឺជាអ្នកប្រយុទ្ធដ៏អង់អាច ចូរអ្នកមើលឱ្យឃើញនូវតម្លៃដ៏អស្ចារ្យរបស់អ្នក។ ដោយក្តីស្រលាញ់ពីខ្ញុំទេព បូព្រឹក្ស បុត្រីនៃបុព្វបុរសខ្មែរ ។
មិនទាន់ចេញជា MV ពេញផង វីដេអូនេះទទួលបានការគាំទ្រខ្លាំងបាត់ទៅហើយ ពោលគឺមានការចែករំលែកនិងការបញ្ចេញមតិកោតសរសើរខ្លាំងចំពោះគំនិតច្នៃប្រឌិតថ្មីដើម្បីបង្កើនសន្ទុះប្រជាប្រិយភាពរបស់នាងនិងគូស្នេហ៍។ អ្វីដែលកាន់តែកោតសរសើរមិនដាច់ពីមាត់ពីសំណាក់ក្រុមអ្នកគាំទ្រនោះគឺនាងបានបង្កប់ដោយអត្តសញ្ញាណនៃសម្លៀកបំពាក់បុរាណច្នៃប្រឌិតថ្មី ក្នុងនាមជាតួអង្គហនុមាននោះតែម្តង ហើយនេះគឺជាការវិលត្រឡប់របស់នាងជាថ្មី ក្រោយពីទម្រង់សិល្បៈបែបទំនើបរបស់នាងបានផ្សារភ្ជាប់ទៅនឹងទម្រង់សិល្បៈខ្មែរបុរាណកន្លងទៅរបស់នាងធ្លាប់រងការរិះគន់មួយចំនួននោះ ហើយថ្មីៗនេះមានអ្នកគាំទ្រជាច្រើនបានជំរុញនិងលើកទឹកចិត្តនាងឱ្យបង្កើតស្នាដៃសិល្បៈថ្មីដោយបង្កប់នូវរូបភាពប្លែកភ្នែកដើម្បីបង្ហាញដល់ពិភពលោកនោះ។
អ្វីដែលគេចាប់អារម្មណ៍ស្របគ្នានេះដែរគឺជាការបង្ហាញគំនិតគាំទ្រស្នាដៃថ្មីរបស់ទេព បូព្រឹក្សពីសំណាក់ក្រុមអ្នកគាំទ្រ BLACKPINK នៅកម្ពុជា ថាពួកគេនឹងគាំទ្រពេញទំហឹងលើការផលិតស្នាដៃថ្មីដ៏កម្រនេះឱ្យលេចចេញការគាំទ្រខ្លាំងមិននឹកស្មាន។
យោងតាមគេហទំព័រហ្វេសប៊ុក BLACKPINK – BLINK Cambodia បានលើកឡើងថា «ដោយការខំប្រឹងប្រែងរបស់បងស្រី ទេព បូព្រឹក្សនិងក្រុមការងារទាំងអស់ក្នុងការផលិតបទចម្រៀង « វីរនារី ឬ TOP OF THE LADY » នេះឡើង ដោយបង្ហាញពីអំណាចស្រ្តី វប្បធម៌ សិល្បៈ ប្រាង្គប្រាសាទឱ្យពិភពលោកបានដឹង ថែមទាំងចំណាយថវិកាអស់ប្រមាណ៦០០លានរៀល ឬ ១៥ម៉ឺនដុល្លារក្នុងការផលិត ទាំងមិនបានអ្វីមកវិញ។ ដូច្នេះយើងគួរតែគាំទ្រនូវស្នាដៃមួយនេះឱ្យខ្លាំងក្លា Tep Boprek ពួកយើងសម្រេចថានឹងធ្វើការទស្សនា ឬ Stream បទចម្រៀងនេះនៅក្នុងបណ្តាសង្គមYOUTUBE ឱ្យបានចំនួន ៥០០,០០០viewsក្នុង២៤ម៉ោង ឬបើធ្វើបានលើសនេះកាន់តែល្អ»៕
ដោយ ៖ វឌ្ឍនា