ខេត្តសៀមរាប : បរិមណ្ឌលដ៏ធំមួយនេះអាចលេចចេញជារូបរាងឡើង និងទទួលបានផលស្រូវច្រើនណាស់នៅស្រុកបន្ទាយស្រី សម្រាប់ចែកជូនប្រជាពលរដ្ឋ ហើយជាមោទនភាពបំផុត ដែលក្លាយទៅជាតំបន់ទេសចរណ៍ទាក់ទាញភ្ញៀវមកកម្សាន្តថែមទៀត។ នេះបើតាមការបញ្ជាក់អោយដឹងពីលោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុក បន្ទាយស្រី ខេត្តសៀមរាប នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១។
លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុក បន្ទាយស្រី បានថ្លែងយ៉ាងដូច្នេះបន្តថា, ភ្លេចៗខ្លួន ស្រូវក្នុងបរិមណ្ឌលបន្ទាយស្រីប្រមូលផលបានបាត់! ធ្វើស្រែនៅទីនេះពិតជាមិនអត់ប្រយោជន៍មែន ចំណាយអស់តិច តែបានទាំងភាពស្រស់ស្អាតសម្រាប់អ្នកទេសចរមកលេងកម្សាន្ត ថតរូប និងរៀបចំពិធីដាល់អំបុកផង ហើយថែមទាំងបានផលស្រូវជាច្រើនតោនទៀតផង!លោកបន្តថា, ស្រូវទាំងអស់នេះនឹងត្រូវបានយកទៅកិនជាអង្ករស្រូវថ្មីសម្រាប់ចែកជូនដល់អ្នកពាក់ព័ន្ធទាំងអស់ ដើម្បីជាការថ្លែងអំណរគុណចំពោះការជួយចូលរួមឧបត្ថម្ភគាំទ្រឱ្យបរិមណ្ឌលដ៏ធំមួយនេះអាចលេចចេញជារូបរាងឡើងនៅទីនេះបាន។ ក្រុមការងារសូមលាមួយរយៈខ្លីសិន និងសន្យាត្រលប់មកវិញជាមួយនឹងសួនផ្កាវិញម្តង នារដូវផ្ការីកជាថ្មីនៅដើមឆ្នាំ២០២២នេះ! ៕
ដោយ៖ សិលា