ខេត្តសៀមរាប៖ បេីយោងតាមប្រភពព័ត៍មានពីរដ្ឋបាលខេត្តសៀមរាប នៅព្រឹកថ្ងៃពុធទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានឱ្យដឹងថា មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប នៅស្ថានីយស្រាវជ្រាវកសិកម្មទឹកវិល កាលពីម្សិលមិញនេះ បានរៀបចំសិក្ខាសាលាបូកសរុបវាយតម្លៃលទ្ធផលការងារកសិកម្ម និងលើកទិសដៅការងារអនុវត្តបញ្ចប់ឆ្នាំ២០២១ ដើម្បីត្រៀមរៀបចំរបាយការណ៍ប្រចាំឆ្នាំ និងធ្វើសន្និបាតប្រចាំឆ្នាំ នាពេលខាងមុខ ព្រមទាំងឆ្លុះបញ្ចាំងលទ្ធផលការងារប្រចាំឆ្នាំ២០២១តាមរយ:ការរាយការណ៍របស់ជំនាញទាំង១២ ចំណុះមន្ទីរ ក្រោមអធិបតីភាព លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងវត្តមានអញ្ជើញចូលរួមពីលោក-លោកស្រី ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានតាមបណ្តាក្រុង ស្រុក, ប្រធានការិយាល័យចំណុះមន្ទីរ, នាយខណ្ឌ, នាយផ្នែកព្រៃឈើ, ជលផល ប្រមាណជាង៤០រូប។
លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្ត ថ្វីត្បិតតែយើងជួបបញ្ហាដោយសារវិបត្តជំងឺកូវីដ-១៩ តែសកម្មភាពតាមផ្នែក តាមវិស័យពាក់ព័ន្ឋទៅនឹងការងារកសិកម្មនៅតែបន្តអនុវត្តជាហូរហែរទោះក្នុងទ្រង់ទ្រាយតូចក្តីធំក្តីគឺនៅតែពិភាក្សា និងសហការគ្នាឱ្យដំណើរការការងារប្រព្រឹត្តិទៅដោយរលូន។ កត្តាប្រឈមជាមួយនឹងជំងឺកូវីដ-១៩ មន្ត្រីជំនាញមិនអាចជួបជុំជាមួយកសិករបានច្រើន បណ្តាលឱ្យការងារមួយចំនួនត្រូវបានរាំងស្ទះ និងយឺតយ៉ាវក្តីក៏ថ្នាក់ដឹកនាំមន្ទីរ បានជំរុញដល់មន្ត្រីចំណុះមន្ទីរទាំងអស់ បន្តខិតខំដោះស្រាយបញ្ហាប្រឈម ដែលនៅសេសសល់ក្នុងពេលកន្លងមក ហើយបន្តអនុវត្តឲ្យមានប្រសិទ្ធភាព។
លោក ទា គឹមសុទ្ធ ក៏បានលើកទឹកចិត្តដល់លោក-លោកស្រី នៃការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានតាមបណ្តាស្រុក ក្រុងទាំង១២ ត្រូវលើកឡើងនូវបញ្ហាប្រឈមឱ្យបានផុលផុស ទាំងការចិញ្ចឹមសត្វ, ដំណាំស្រូវ, ដំណាំផ្សេងៗ និងបញ្ហានានា ដែលពាក់ព័ន្ឋទៅនឹងវិស័យកសិកម្ម ដើម្បីមន្ត្រីជំនាញចំណុះមន្ទីរពិនិត្យ សម្រាប់មានចំណាត់គាំទ្រ និងសហការអនុវត្តឱ្យមានប្រសិទ្ឋភាព ធ្វើយ៉ាងណាឱ្យវិស័យកសិកម្មកម្ពុជា មានការវីវឌ្ឍន៍ទៅតាមផែនការរបស់រាជរដ្ឋាភិបាល ក៏ដូចជាផែនការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីជំរុញឱ្យកម្ពុជាមានភាពខ្លាំងឈានទៅប្រកួតប្រជែងវិស័យកសិកម្ម ជាមួយប្រទេសនៅក្នុងតំបន់ និងឈានទៅរកកសិកម្មបែបធុរ:កិច្ច ដែលកិច្ចការនេះទាមទារនូវការតាំងចិត្តខ្ពស់ទើបអនុវត្តបានជោគជ័យនិងស្របតាមតម្រូវការទីផ្សារប្រកួតប្រជែង។លោកប្រធានមន្ទីរ បានណែនាំដល់មន្ត្រី តាមជំនាញបន្តផ្តល់សេវាជូនប្រជាពលរដ្ឋ នៅមូលដ្ឋានឲ្យមានប្រសិទ្ធិភាព និងបន្តជម្រុញកំណើនផលិតកម្មកសិផលគ្រប់ប្រភេទ ក្នុងការលើកកម្ពស់ការស្រាវជ្រាវ និងការផ្សព្វផ្សាយកសិកម្ម ដើម្បីបង្កើនទិន្នផលដំណាំ កែលម្អគុណភាពផលិតផល។ ម្យ៉ាងទៀតត្រូវឆ្លើយតបឲ្យទាន់ពេលវេលាជូនកសិករចំពោះគ្រោះមហន្តរាយធម្មជាតិនានា និងបន្តជម្រុញបង្កើនផលិតកម្មសត្វគ្រប់ប្រភេទ, ចាក់ថ្នាំបង្ការជម្ងឺសត្វ និងរោគឆ្លងពីសត្វ ដែលនាំឱ្យធានាបាននូវការផ្គត់ផ្គង់សត្វ និងសាច់ប្រកបដោយអនាម័យ និងសុវត្ថិភាព។
អង្គសិក្ខាសាលាបានស្តាប់ការលើកឡើងតាមរយ:សេចក្តីរាយការណ៍សង្ខេបមួយចំនួន អំពីបញ្ហាប្រឈម ការងារធ្វើអង្កេតវាស់ស្ទង់ទិន្នផលស្រូវ ,ការងារអនុវត្តថវិកាកម្មវិធី និងកិច្ចសហកាជាមួយគម្រោងនានា របស់លោក-លោកស្រី តាមបណ្តាផ្នែកវិស័យ នានា ចំណុះមន្ទីរ៕
ដោយ៖ សហការី