ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមប៉េតង់បុរសចេញទៅប្រកួតជើងឯកពិភពលោកនៅប្រទេសអេស្ប៉ាញ

ចែករំលែក៖

ភ្នំពេញ៖ ក្រុមប៉េតង់បុរសកម្ពុជាបានចាកចេញពីមាតុប្រទេសរបស់ខ្លួន កាលពីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីចូលរួមប្រកួតប្រជែងជើងឯកពិភពលោក នៅប្រទេសអេស្ប៉ាញ ដែលគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី១៩-២១ ខែវិច្ឆិកា ឆ្នាំ២០២១។ នេះបើយោងតាមផេកផ្លូវការរបស់ (Cambodia SEA GAMES 2023) CAMSOC ជាមួយពាក្យស្លោក#យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា
#កីឡារស់ក្នុងសន្ដិភាព_SPORTS_LIVE_IN_PEACE អោយដឹង នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ។

ថ្លែងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មុនពេលចេញដំណើរ លោក អ៊ឹម ផាត គ្រូបង្វឹកជម្រើសជាតិប៉េតង់កម្ពុជាមានប្រសាសន៍ថា «ក្រុមនាមក្រុមជម្រើសជាតិកម្ពុជា យើងខ្ញុំប្តេជ្ញាចិត្តប្រកួតប្រជែងឲ្យអស់ពីសមត្ថភាព ដើម្បីប្រជែងមេដាយពីការប្រកួតជើងឯកពិភពលោកនេះយកមកជូនជាតិមាតុភូមិយើង។ ក្នុងការប្រកួតនេះ មានកីឡាករមកពី៥០ប្រទេសចូលរួម។ កម្ពុជានឹងប្រកួតលើ២វិញ្ញាសា គឺវាយយកពិន្ទុ និងវិញ្ញាសាក្រុម ៣នាក់ទល់៣នាក់។ ក្រុមខ្លាំងៗ ដែលជាឧបស័គ្គ ក្នុងការប្រកួតប្រជែងកម្រិតពិភពលោកនេះ មានដូចជាប្រទេសបារាំង ទុយណេស៊ី ម៉ាដាហ្គាស្កា អ៊ីតាលី និងថៃជាដើម»។

កីឡាករជម្រើសជាតិប៉េតង់កម្ពុជា៤រូប រួមមាន៖ សុខ ចាន់មាន ថោង ឈឿន ញ៉ែម បូរ៉ា និង ស៊ីន វង់ ក្រោមការដឹកនាំពីគ្រូបង្វឹក លោក អ៊ឹម ផាត។ វិញ្ញាសាដែលត្រូវប្រកួត គឺវិញ្ញាសាយកពិន្ទុ ដោយកីឡាករ សុខ ចាន់មាន ហើយ សុខ ចាន់មាន នឹងចូលរួមប្រកួតជាមួយមិត្តរួមជាតិ លើវិញ្ញាសាក្រុម១ទៀត គឺ ៣នាក់ទល់៣នាក់ និងម្នាក់ទៀត ជាកីឡាករបម្រុង។

ជាមួយគ្នានោះ កីឡាករជម្រើសជាតិប៉េតង់កម្ពុជា សុខ ចាន់មាន ដែលជាអតីតម្ចាស់មេដាយមាសជើងឯកពិភពលោក ឆ្នាំ២០១៦ នៅប្រទេសម៉ាដាហ្គាស្កា បានប្តេជ្ញាប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីកសាងកំណត់ត្រាថ្មីមួយជូនជាតិ នៅក្នុងការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោក នៅប្រទេសអេស្ប៉ាញ (The 2021 World Triplets and Precision Shooting Championships) នាថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១។
ម្ចាស់មេដាយមាសកម្រិតពិភពលោក ឆ្នាំ២០១៦រូបនេះបញ្ជាក់ថា ការចូលរួមប្រកួតលើវិញ្ញាសា វាយយកពិន្ទុនេះ គឺប្រទេសមួយមានសិទ្ធិដាក់បេក្ខភាពកីឡាកររបស់ខ្លួនត្រឹមតែម្នាក់ប៉ុណ្ណោះ មិនអនុញ្ញាតឲ្យច្រើននាក់នោះទេ។ កីឡាករ សុខ ចាន់មាន បានបង្ហាញពីការលំបាកនៃការចូលរួមប្រកួតមានសមាសភាពកីឡាករសុទ្ធសឹងជាអ្នកខ្លាំងៗមកពីជុំវិញពិភពលោក ហើយការធ្វើដំណើរទៅដល់ប្រទេសអេស្ប៉ាញ បានសម្រាកតែ១យប់ ហើយត្រូវចាប់ផ្តើមការប្រកួតតែម្តង។

បើទោះជាយ៉ាងនេះក្តី ក៏កីឡាករជម្រើសជាតិកីឡាប៉េតង់សម្បូរដោយបទពិសោធន៍លើឆាកអន្តរជាតិរូបនេះបង្ហាញឆន្ទៈមុះមុតថា អ្វីដែលខ្លួនច្បាស់លាស់ គឺការប្តេជ្ញាចិត្តឲ្យអស់ពីសមត្ថភាព និងបច្ចេកទេសដែលខ្លួនមាន បើទោះបីជាលទ្ធផលនៃការប្រកួតទទួលបាន គឺឈ្នះ ចាញ់ ឬឆ្ពោះទៅដណ្តើមបានមេដាយបែបណាក៏ដោយ។

ចាប់តាំងពីការចូលរួមប្រកួតប្រជែងមេដាយលើឆាកអន្តរជាតិ ឆ្នាំ២០០១ មក កីឡាករ សុខ ចាន់មាន បានយកឈ្នះមេដាយមាស ប្រាក់ និងសំរឹទ្ធជាច្រើនគ្រឿងជាបន្តបន្ទាប់ ពីព្រឹត្តិការណ៍ជើងឯកពិភពលោក ជើងឯកអាស៊ី ស៊ីហ្គេម និងការប្រកួតអន្តរជាតិជាច្រើនទៀតសរុបចំនួន២៩ព្រឹត្តិការណ៍ ដោយដណ្តើមបានមេដាយសរុបចំនួន៣៩គ្រឿង ក្នុងនោះមេដាយមាស១២គ្រឿង។ ដោយឡែក សម្រាប់ការចូលរួមប្រកួត ជើងឯកពិភពលោក ចាន់មាន ធ្លាប់ឈ្នះបានមេដាយសំរឹទ្ធ១គ្រឿង កាលពីឆ្នាំ២០០៤ នៅប្រទេសបារាំង និងមេដាយមាស១គ្រឿង កាលពីឆ្នាំ២០១៦ នៅប្រទេសម៉ាដាហ្គាស្កា។

សូមបញ្ជាក់ថា ការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោក ឆ្នាំ២០២១ គឺម្ចាស់ផ្ទះ អេស្ប៉ាញបានរៀបចំការប្រកួត៣ផ្នែក គឺផ្នែកនារី ផ្នែកបុរស និងយុវជន (កម្ពុជាមិនបញ្ជូនផ្នែកយុវជនទេ)។ ក្រុមប៉េតង់នារីកម្ពុជាទើបនឹងឈ្នះមេដាយមាស១គ្រឿងពីការប្រកួតជើងឯកពិភពលោក នៅប្រទេសអេស្ប៉ាញ ឆ្នាំ២០២១នេះ ដោយដណ្តើមបានលើវិញ្ញាសាវាយយកពិន្ទុ ដោយកីឡាការិនី អ៊ុក ស្រីមុំ និងបានវិលត្រឡប់មកដល់កម្ពុជាវិញ កាលពីល្ងាចថ្ងៃទី១៦វិច្ឆិកា ដោយទទួលបានការលើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំក្បួនដង្ហែរអមដោយម៉ូតូសយ៉ាងអធិកអធមផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖