ខេត្តសៀមរាប៖ យោងតាមប្រភពពីរដ្ឋបាលខេត្តសៀមរាប បានអោយដឹងថា, នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ វេលាម៉ោង៨:៣០នាទី នៅសាលប្រជុំធំរបស់រដ្ឋបាលខេត្តសៀមរាប បានរៀបចំពិធីបើកវេទិកាពិគ្រោះយោបល់ ស្តីពីភាពជាដៃគូរវាងរដ្ឋបាលខេត្តសៀមរាប និងអង្គការសង្គមស៊ីវិលក្រោមអធិបតីភាពលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប លោក លោកស្រី អភិបាល អភិបាលរងក្រុង-ស្រុក លោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ ប្រធានសមាគម-អង្គការមិនមែនរដ្ឋាភិបាល សហគមន៍ និងអ្នកពាក់ព័ន្ធ បានអញ្ជើញចូលរួមជាច្រើននាក់។
នាឱកាសនេះដែរលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប មានប្រសាសន៏ថា«ភាពជាដៃគូ» គឺសំដៅលើទំនាក់ទំនងប្រកបដោយភាពស្មោះត្រង់រវាងរាជរដ្ឋាភិបាល រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការសង្គមស៊ីវិលក្នុងការធ្វើសកម្មភាពអ្វីមួយសម្រាប់បម្រើផលប្រយោជន៍សង្គម។ ជារួមការអនុវត្តការងារក្នុងលក្ខណៈភាពជាដៃគូ អាចទទួលជោគជ័យបានលុះត្រាណាតែភាគីជាដៃគូនឹងគ្នាឧស្សាហ៍ទាក់ទងគ្នាក្នុងការដោះស្រាយបញ្ហាអ្វីមួយជាមួយគ្នាដោយមានភាពស្មោះត្រង់ និងឥតលាក់លៀមរវាងគ្នានិងគ្នា។ ភាគីជាដៃគូនឹងគ្នានោះ ត្រូវមានការទុកចិត្តគ្នា គោរពគ្នា គាំទ្រគ្នាទៅវិញទៅមក និង យោគយល់អធ្យាស្រ័យគ្នា ព្រមទាំងរៀនសូត្រ និងចែករំលែកបទពិសោធន៍រវាងគ្នានិងគ្នា ដើម្បីសម្រេចបាននូវគោលបំណងរួមណាមួយ។
លោក អភិបាលរងខេត្ត បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវកម្មវិធីនយោបាយ និងការកែទម្រង់ស៊ីជម្រៅគ្រប់ជ្រុងជ្រោយលើគ្រប់វិស័យ ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព។ ជាក់ស្តែង សមិទ្ធផលនានានៃការរីកចម្រើន និងការអភិវឌ្ឍប្រទេសជាតិដែលរាជរដ្ឋាភិបាល សម្រេចបាននាពេលកន្លងមក នឹងរហូតដល់ពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកថា ពិតជាមានការចូលរួមចំណែក ពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងនោះមានដៃគូអភិវឌ្ឍន៍ វិស័យឯកជន អង្គការសង្គមស៊ីវិល និងសហគមន៍នានាផងដែរ ជាពិសេសអង្គការសង្គមស៊ីវិលក្នុងស្រុក និងបរទេស បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ និងគាំទ្រដល់សេវាសង្គមនៅតាមមូលដ្ឋានជនបទ និងសហគមន៍។
ទន្ទឹមនឹងនោះ លោក បានបញ្ជាក់យ៉ាងច្បាស់ទៀតថា អង្គការសង្គមស៊ីវិល ក៏បានចូលរួមធ្វើសកម្មភាពក្នុងវិស័យកំណែទម្រង់ នានារបស់រដ្ឋដូចជា ការលើកកម្ពស់អភិបាលកិច្ចល្អ សិទ្ធិមនុស្ស ប្រព័ន្ធយុត្តិធម៌ ការអប់រំ សុខភាព ធនធានធម្មជាតិ និងបរិស្ថាន។ ដោយផ្អែកទៅលើគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃរដ្ឋបាលខេត្តសៀមរាបបានរៀបចំវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយនឹងអង្គការសង្គមស៊ីវិលដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ច ដោយបានធ្វើការដោះស្រាយនូវសំណើ សំណូមពរ និងកង្វល់របស់អង្គការ សង្គមស៊ីវិលបានយ៉ាងល្អប្រសើរកន្លងមក រីឯការធ្វើសកម្មភាពរបស់ អង្គការសង្គមស៊ីវិលនៅតាមមូលដ្ឋាន រដ្ឋបាលខខេត្តពិនិត្យឃើញថា មានភាពល្អប្រសើរជាធម្មតាដោយមិនមានការរឹតត្បិតនោះឡើយ៕
ដោយ៖ សិលា