ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ អគ្គនាយកដ្ឋានពន្ធដារ កម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពី ការរំលឹកលើកទី២ ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២១។
អគ្គនាយកដ្ឋានពន្ធដារមានកិត្តិយសសូមជម្រាបជូន លោកឧកញ៉ា លោក លោកស្រី កញ្ញា ដែល ជាម្ចាស់យានយន្តគ្រប់ប្រភេទមេត្តាជ្រាបថា អនុលោមតាមប្រកាសលេខ ៥៣១ សហវ.ប្រក ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ ស្តីពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ និងសេចក្តីណែនាំលេខ ៩២៥៤ អពដ ចុះ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ការប្រមូលពន្ធប្រភេទនេះនឹងត្រូវបិទបញ្ចប់ជាស្ថាពរនៅ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ។
ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា ម្ចាស់យានយន្តភាគច្រើនបានប្រកាសបង់ពន្ធរួចរាល់ ខណៈដែល ម្ចាស់យានយន្តមួយចំនួនទៀតនៅមិនទាន់បានបង់ពន្ធប្រភេទនេះនៅឡើយ។ ក្នុងន័យនេះ អគ្គនាយកដ្ឋានពន្ធដារសូមក្រើនរំលឹក ដល់ម្ចាស់យានយន្តទាំងអស់ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធ មេត្តារួសរាន់អញ្ជើញមកដាក់លិខិតប្រកាសបង់ពន្ធឱ្យ បានទាន់ពេលវេលា ត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណ ប័ណ្ណសម្គាល់យានយន្ត និង វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដែលចេញដោយក្រសួងសាធារណការ និងដឹកជញ្ចូននៅសាខាពន្ធដារ ខេត្ត-ខណ្ឌ ឬនៅធនាគារ កាណាឌីយ៉ា ក.អ ឬនៅធនាគារអេស៊ីលីដា ភីអិលស៊ី ឬនៅធនាគារវឌ្ឍនៈ ឬនៅធនាគារកម្ពុជាសាធារណៈ ភីអិលស៊ី ឬនៅធនាគា ជេ ត្រាស់ រ៉ូយ៉ាល់ ឬនៅធនាគារស្ថាបនា ឬនៅធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) ឬនៅធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ឬនៅធនាគារណាមួយ ដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឬអាចបង់តាមរយៈកម្មវិធី “GDT Taxpayer App” ដែលអាចទាញយកចេញពី App Store ចំពោះ iOS ឬ Play Store ចំពោះ Android សម្រាប់យានយន្តដែលធ្លាប់បានប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទកន្លងមក ដើម្បី ជៀសវាងនូវការកកស្ទះ និងការប្រជ្រៀតគ្នាមកប្រកាសបង់ពន្ធនៅថ្ងៃជិតផុតកំណ័ត់ដែលអាចនាំឱ្យកើតមាននូវបាតុភាពអសកម្ម ដោយប្រការណាមួយ។
ដោយឡែក យានយន្តដែលជាកម្មសិទ្ធិរបស់ស្ថានទូត ឬស្ថានកុងស៊ុល អង្គការអន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការ បច្ចេកទេសរបស់រដ្ឋាភិបាលនានា ត្រូវស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីទទួលបាននូវលតាបត្របង់ពន្ធ(ពន្ធជាបន្ទុករបស់រដ្ឋ)។ ចំពោះរថយន្តរបស់ក្រសួងស្ថាប័ន ឬអង្គភាពដែលត្រូវទទួលបានលតាបត្រពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ (ពន្ធជាបន្ទុករបស់រដ្ឋ ឬបង់តាមអាណត្តិបើកប្រាក់ត្រូវភ្ជាប់មកជាមួយនូវបញ្ជីសារពើភណ្ឌយានយន្តទ្រព្យសម្បត្តិរដ្ឋ (តារាង កើនឡើង និងថយចុះទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ) ដែលបានចុះបញ្ជីនៅអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ក្នុងករណីខកខានមិនបានបង់ពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់យានយន្តនឹងត្រូវទទួលរងនូវទោសទណ្ឌតាម ច្បាប់ស្តីពីសារពើពន្ធជាធរមាន។ អគ្គនាយកដ្ឋានពន្ធដារនឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ជាពិសេស នគរបាលចរាចរណ៍ និងកងរាជអាវុធហត្ថ ដើម្បីចុះត្រួតពិនិត្យការអនុវត្តប្រមូលពន្ធនេះនៅតាមដងផ្លូវនានា បន្ទាប់ពីការបិទបញ្ចប់ការប្រមូលពន្ធ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។
អគ្គនាយកដ្ឋានពន្ធដារ សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ម្ចាស់យានយន្តទាំងអស់នឹងយកចិត្តទុកដាក់បំពេញកាតព្វកិច្ច សារពើពន្ធ ស្របតាមការកំណត់របស់ច្បាប់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕
ដោយ ៖ សិលា