ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ ទទួលវិញ្ញាបនបត្រទទួលស្គាល់​ និងលេីកសរសេីរស្នាដៃ​លលេចធ្លោររបស់លោកស្រី ក្នុងការរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា​ និងការជំរុញគោលដៅនៃកម្មវិធីអាហារូបករណ៍ហ្វូលប្រាយ​​ (Fulbright​ scholarship)

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងឱកាសខួបអតីត:និស្សិតអាហារូបករណ៍ហ្វូលប្រាយ​កម្ពុជា (75th Anniversary of Fulbright Cambodian Alumni) លេីកទី៧៥​ នាល្ងាចថ្ងៃទី១៧​ ខែវិឆ្ឆិកា​ ឆ្នាំ២០២១​ លោកស្រីវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល​ និងជាប្រធានគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩​ ក្នុងក្របខណ្ឌទូទាំងប្រទេស​ (គ.វ.ក-១៩)​ បានទទួលវិញ្ញាបនបត្រទទួលស្គាល់​ និងលេីកសរសេីរស្នាដៃ​លលេចធ្លោររបស់លោកស្រី ក្នុងការរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា​ និងការជំរុញគោលដៅនៃកម្មវិធីអាហារូបករណ៍ហ្វូលប្រាយ​​ (Fulbright​ scholarship) ដែលពិធីប្រកាសទទួលស្គាល់នេះ​ ត្រូវបានប្រារព្ធធ្វេីឡេីង និងប្រគល់​ ដដោយលោក ប៉ាទ្រីក​ មេីសហ្វី​ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា​ (Residence of H.E. Patric Murphy, Ambassador of the United States of America to the Kingdom of Cambodia)​ នៅគេហដ្ឋានរបស់ឯកឧត្តមផ្ទាល់។ 

លោក ប៉ាទ្រីក​ មេីសហ្វី​ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា​ បានរំលឹកពីចំណងទាក់ទងការទូត​ និងការផ្តល់អាហារូបករណ៍ហ្វូលប្រាយរបស់សហរដ្ឋអាមេរិក​ ដល់និស្សិតកម្ពុជាក្នុងរយ:ពេលកន្លងមក​ ដែលថ្ងៃនេះ​ គឺជាខួបលេីកទី៧៥នៃអតីតនិស្សិតអាហារូបករណ៍ហ្វូលប្រាយកម្ពុជា​ ហេីយមាននិស្សិតកម្ពុជាសរុប​ប្រមាណជា ២២០នាក់​ ហេីយ​ ដែលបានទទួលអាហារូបករណ៍ហ្វូលប្រាយនេះទៅសិក្សានៅសហរដ្ឋអាមេរិក​ និងបានវិលត្រឡប់មកបម្រេីការងារចូលរួមអភិវឌ្ឍប្រទេសកម្ពុជា​  ដែលក្នុងចំណោមនោះ លោកជំទាវ​វេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ ក៏ជាអតីតនិស្សិតអាហារូបករណ៍ហ្វូលប្រាយជំនាន់ដំបូងគេ ដែលបានទៅសិក្សានៅសហរដ្ឋអាមេរិក​ ផ្នែកសុខភាពសាធារណ:នៅសាកលវិទ្យាល័យ​ យែល​ (Yale University,​ USA) នៃរដ្ឋខុននិចធីខាត់​ (Connecticut) ក្រោយថ្ងៃរំដោះ​ ៧មករា​ ១៩៧៩​។ 

ក្រោយពីបានទទួលវិញ្ញាបនបត្រទទួលស្គាល់ស្នាដៃលេចធ្លោរពីឯកឧត្តមឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិករួចមក​ លោកស្រី រដ្ឋលេខាធិការ​ ឱ​ វណ្ណឌីន​ បានលេីកឡេីងថា៖​ ការទទួលស្គាល់ស្នាដៃលេចធ្លោរនាពេលនេះ​ គឺមិនអាចកាត់ផ្តាច់ចេញបានពីការចិញ្ចឹមបីបាច់ថែបំប៉ន​ និងផ្តល់ឱកាសរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ជាប្រមុខដឹកនាំដ៏ខ្លាំងនោះឡេីយ។  លោកស្រី ក៏បានមានប្រសាសន៍ផងដែរថា៖​ “ ខ្ញុំនៅចងចាំបានថា​ ខ្ញុំជាស្ត្រីខ្មែរដំបូងគេដែលបានទទួលអាហារូបករណ៍ Fulbright ដ៏មានកិត្យានុភាពមួយនេះទៅសិក្សានៅសាកលវិទ្យាល័យយេល (Yale​ University) នៃសហរដ្ឋអាមេរិក សម្រាប់កម្មវិធីសុខភាពសាធារណៈរបស់ខ្ញុំ​ ពីពាក់កណ្តាលឆ្នាំ 1994 ដល់ពាក់កណ្តាលឆ្នាំ 1996 ។ បទពិសោធន៍​រៀនសូត្រដែលខ្ញុំទទួលបានពីកម្មវិធីនេះបានបង្កើនឡើងនូវសមត្ថភាពរបស់ខ្ញុំយ៉ាងខ្លាំងដែលជំនាញ និងចំណេះដឹងរបស់ខ្ញុំត្រូវបានវិវឌ្ឍន៍គ្រប់ពេលវេលាជាមួយនឹងក្តីមេត្តា ការលះបង់ ការប្តេជ្ញាចិត្ត និងភាពស្មោះត្រង់ ការជឿទុកចិត្តពីមនុស្សម្នា​ទាំងឡាយ​ ហើយសំខាន់ជាងនេះទៅទៀតនោះ​ ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ អន្តរកម្មដែលខ្ញុំមាន​ គឺខ្ញុំបានធ្វេីអ្វីៗ​ រួមទាំងការលះបង់ជីវិតគ្រួសារផ្ទាល់ខ្លួនរបស់ខ្ញុំ​ ជាមួយប្រជាជនរបស់ខ្ញុំផ្ទាល់​ ក្នុងការជួយពួកគេរាល់ថ្ងៃ មិនថាពេលថ្ងៃ​ ឫយប់​ ទោះបីខ្ញុំកម្របានសម្រាកគ្រប់គ្រាន់ក៏ដោយ។  ខ្ញុំមិនអាចភ្លេចបានទេថា រាជរដ្ឋាភិបាលកម្ពុជា​ បានចិញ្ចឹម​ និងជួយខ្ញុំ ដើម្បីឱ្យខ្ញុំបានចេញពីជ្រលងមរណៈ និងគ្រោះអវិជ្ជា បន្ទាប់ពីសម័យប៉ុលពត ហើយផ្តល់ឱកាសឱ្យខ្ញុំ​ បានរៀនសូត្របន្ថែមទៀត និងរួមចំណែកជួយប្រជាជនខ្ញុំ​ ដែលទឹកចិត្ត​ខ្ញុំ​គឺនៅ​ជាមួយ​ប្រជាជន ក្តី​បារម្ភ​របស់​ខ្ញុំ​គឺ​សុខភាព​ប្រជាជន ការ​យក​ចិត្ត​ទុក​ដាក់​របស់​ខ្ញុំ​គឺ​ដើម្បី​ប្រជាជន ហើយ​ទង្វើ​របស់​ខ្ញុំ​គឺ​ជួយ​ប្រជាជន​របស់​ខ្ញុំ​។  នោះជាអ្វីៗទាំងអស់ដែលខ្ញុំបានធ្វើ និងអ្វីដែលកម្មវិធី Fulbright បានជះឥទ្ធិពលមកលើខ្ញុំ ដែលខ្ញុំអាចឈរបានរហូតមកដល់ពេលនេះ។  ខ្ញុំ​កំពុង​បន្ត​ដំណើរ​របស់​ខ្ញុំ​ក្នុង​នាម​ជា​អ្នក​ដឹក​នាំ​ផ្នែក​សុខភាព​សាធារណៈមួយរូប​ ហើយ​ខ្ញុំនឹងធ្វើ​អ្វីៗ​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​  ដើម្បី​ជួយ​ប្រជាជន និង​ប្រទេស​របស់​ខ្ញុំ។​ សូមអរគុណដល់សហរដ្ឋអាមេរិក​ ដែលបានផ្តល់អាហារូបករណ៍ដ៏ល្បីល្បាញនេះដល់រូបខ្ញុំ​ ដល់និសិត្សកម្ពុជា​ និងសូមអរគុណដល់អតីតនិសិត្សអាហារូបករណ៍ហ្វូលប្រាយទាំងអស់​ ដែលបានបោះឆ្នោត​ ទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងបង្កេីតស្នាដៃជួយប្រទេសជាតិ​ និងជួយប្រជាជនកម្ពុជា​របស់ខ្ញុំ ជាពិសេសក្នុងកំឡុងពេលវិបត្តិកូវីដ-១៩​ និងសូមឱ្យអ្នកទាំងអស់គ្នា​ដែលមានវត្តមានក្នុងថ្ងៃនេះ និងប្រជាជនកម្ពុជាមានសេចក្តីសុខ​ សុខភាពល្អ​ និងចៀសផុតពីជំងឺកូវីដ-១៩៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖