ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ប្រើប្រាស់គ្រឿងញៀនរួចវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនិងគំរាមសម្លាប់ប្រពន្ធ ទីបំផុតត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនម្នាក់ ខណៈប្រើប្រាស់គ្រឿងញៀនរួចបានរករឿងវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះអស់មួយចំនួន និងមិនត្រឹមតែប៉ុណ្ណោះថែមទាំងបានគំរាមកំហែងថានឹងសម្លាប់ប្រពន្ធខ្លួនឯងទៀតផង ជាហេតុធ្វើឱ្យប្រពន្ធភ័យខ្លាចក៏ប្តឹងសមត្ថកិច្ចឱ្យធ្វើការឃាត់ខ្លួនតែម្ដង។ ករណីនេះបានកើតឡើងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១០និង១០នាទី នៅចំណុចផ្ទះរបស់ឈ្មោះកែវ ចាន់ណេត ស្ថិតនៅក្នុងភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។

    មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ កែវ ចាន់ណេត ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការិនីរោងចក្រ មានទីលំនៅភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល (ត្រូវជាប្រពន្ធរបស់ជនសង្ស័យ) ។ 

ចំណែកជនសង្ស័យឈ្មោះ រ៉េន ឡាកែង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល (ត្រូវជាប្ដីរបស់ជនរងគ្រោះ) ។ វត្ថុតាងចាប់យករួមមាន៖

១-កាំបិតផ្គាក់ចំនួន០១ ផ្លែដែក ដងឫស្សី មានប្រវែងសរុប៦៧ស.ម. (ផ្លែប្រវែង ៣០ស.ម និងដងប្រវែង ៣៧ស.ម), ២- ចង្ក្រានហ្គាស (ប្រភេទប្រើហ្គាសធុង) ចំនួន០១​ , ៣-ទុយយោជ័រសម្រាប់ភ្ជាប់ធុងហ្គាសមានជាប់ក្បាលហ្គាសចំនួន ០១ ប្រវែងសរុប១.៧២ម. ។

    ប្រភព​ដដែលបន្តថា​ កន្លងមកជនសង្ស័យនៅពេលដែលប្រើប្រាស់គ្រឿងញៀនរួចតែងតែស្រែកឡូឡា រករឿងជេរប្រមាថ និងគំរាមកំហែងចង់សម្លាប់ជនរងគ្រោះជាប្រពន្ធញឹកញាប់ ដោយជួនកាលធ្លាប់យកកាំបិត និង កណ្ដៀវមកជន្លរកាប់ក្បាលប្រពន្ធថែមទៀតផង ។ លុះនៅ ថ្ងៃ/ខែ/ឆ្នាំ និង វេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យបានខឹងនឹងប្រពន្ធក៏បានធ្វើសកម្មភាពយកកាំបិតផ្គាក់ទៅស្រែកសម្លុតគំរាមកំហែងចង់កាប់ប្រពន្ធរបស់ខ្លួន ទើបប្រពន្ធបានរត់គេចចេញពីផ្ទះ។ បន្ទាប់មកជនសង្ស័យបានចូលទៅក្នុងផ្ទះបាយ ហើយបានធ្វើសកម្មភាពកាច់បញ្ឆេះចង្ក្រានហ្គាសដើម្បីដុតផ្ទះរបស់ខ្លួនចោល បណ្ដាលឱ្យឆេះផ្ទះអស់មួយចំនួន និងបង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងដែលរស់នៅក្បែរនោះជាខ្លាំង ។

   ក្រោយពេលទទួលបានព័ត៌មានខាងលើភ្លាម សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកវិល សហការជាមួយកម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ និងកម្លាំងប្រជាការពារឃុំ បានចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងអនុវត្តទៅតាមនីតិវិធី៕

ដោយ៖ស្អាងជ័យ


ចែករំលែក៖