ព័ត៌មានទាន់ហេតុការណ៍៖

លោកកិត្តិសេដ្ឋាបណ្ឌិត​ ចម​ ប្រសិទ្ធ​ ចុះហត្ថលេខាជាមួយ​អង្គភាព​កម្មសិទ្ធិ​បញ្ញា​ពិភពលោក ស្តីអំពីកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការលេីគម្រោងអភិវឌ្ឍន៍សេវកម្មការិយាល័យកម្មសិទ្ធិបញ្ញា

ចែករំលែក៖

ភ្នំពេញ ៖ បើយោងតាមផេកផ្លូវការ របស់ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ បានបង្ហោះនៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា,  នៅរសៀលថ្ងៃទី​ ១៧​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០២១ ​តាមរយ:កិច្ចប្រជុំ​តាមប្រព័ន្ធ​អនឡាញ​ នៅទីស្តីការក្រសួង​ មានរៀបចំពិធីចុះហត្ថលេខារវាងក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ ជាមួយ​អង្គភាព​កម្មសិទ្ធិ​បញ្ញា​ពិភពលោក ស្តីអំពីកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការលេីគម្រោងអភិវឌ្ឍន៍សេវកម្មការិយាល័យកម្មសិទ្ធិបញ្ញា​    

ហត្ថលេខា​នៃពិធីចុះហត្ថលេខានេះ​ គគឺរវាង លោកកិត្តិសេដ្ឋាបណ្ឌិត​ ចម​ ប្រសិទ្ធ​ ទេសរដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​និងនវានុវត្តន៍​ និងលោក Daren Tang អគ្គនាយកអង្គការ​កម្មសិទ្ធិ​បញ្ញា​ពិភពលោក​ (WIPO) ។ 

លោកកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បានជម្រាបជូនអង្គពិធីអំពីការរីក​ ចម្រេីនវិស័យកម្មសិទ្ធិបញ្ញា​កម្ពុជា​ ជា​ពិសេស​ផ្នែកប្រកាសនីយបត្រតក្កកម្ម​ (Patent)ដេីម្បីការពារ​តក្កកម្ម​ និងគំនូរឧស្សាហកម្ម​(Industrial Design)​ក្រោយ​ពេលដែលកម្ពុជា​ បានចូលជាសមាជិកសិទ្ធិសញ្ញាសហប្រតិបត្តិការ​ប្រកាសនីយ​បត្រ​តក្កកម្ម​ (PCT) កាលពីថ្ងៃទី​ ០៨​ ខែ​ធ្នូ​ ឆ្នាំ​២០១៦​ និង​ការចូល​ជាសមាជិក​កិច្ចព្រមព្រៀង​ទីក្រុង​ ហេច​ (ឡាអេ​)​ សម្រាប់​ការចុះបញ្ជីគំនូរឧស្សាហកម្មជាងន្តរជាតិ កាលពីថ្ងៃទី​ ២៥​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៧​ មកដល់បច្ចុប្បន្ន​ ។ 

ជាជាមួយគ្នានេះលោកកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ក៏បាន​ជម្រាប​ជូន​ផងដែរ​ អំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការជាមួយអង្គភាពកម្មសិទ្ធិបញ្ញាធំៗមួយចំនួន​រួមមានដូចជា៖អង្គភាព​កម្មសិទ្ធិ​បញ្ញា​ សឹង្ហបុរី​-ជប៉ុន​-កូរ៉េ​-អឺរ៉ុប​-ចិន​ និង​អង្គភាព​ប្រកាសនីយបត្រ​តក្កកម្ម​ពាណិជ្ចកម្ម​សហរដ្ឋអាមេរិក​(USPTO)។ 

លោក Daren Tang អគ្គនាយកអង្គការ​កម្មសិទ្ធិ​បញ្ញា​ពិភពលោក​ បានជម្រាបជូន​លទ្ធផល​ដែល​សម្រេច​បាន-ការប្រេីប្រាស់​កម្មសិទ្ធិ​បញ្ញា​សម្រាប់​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ ព្រមទាំងអំពីការផ្តល់ជំនួយបច្ចេកទេសផ្នែកព័ត៌មានវិទ្យា​ដល់អង្គភាព កម្មសិទ្ធបញ្ញា​ នៃប្រទេសជាសមាជិក​ចំនួន៩០ប្រទេស​   

ចំពោះខ្លឹមសារនៃពិធីចុះហត្ថលេខា​នេះផងដែរ​ គឺអង្គការ​ WIPO នឹងផ្តល់​ជំនួយ​បច្ចេកទេស​ដល់ក្រសួង​ ក្នុងការ​លេីកកំពស់​ប្រព័ន្ធ​ស្វ័យប្រវត្តិ​កម្ម​ជំនាន់ទី​៣​ ( Industrial Property Automation System Version 3 [IPAS-3])  ទៅជា​ជំនាន់ទី​៤​ Version 4 ដែល​ហៅ​ពេញថា​ IPAS-4សម្រាប់​កែលម្អរ​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​ដេីម្បីឲ្យមាន​ប្រសិទ្ធភាព​បម្រើ​ដល់ការ​បោះពុម្ពផ្សាយ​តាមអេឡិចត្រូនិច​(e-Publication) -ការដាក់​ពាក្យ​សុំ​តាមអេឡិចត្រូនិច​ (e-filing)-ការគ្រប់គ្រង​សម្រាប់​ប្រកាសនីយបត្រ​តក្កកម្ម​ និង​គំនូរ​ឧស្សាហកម្ម​-បណ្តុះបណ្តាល​មន្ត្រី​អំពីការ​ប្រេីប្រាស់​ប្រព័ន្ធ​ ​ IPAS-4-​ការ​ផ្តល់​ជំនួយ​បច្ចេកទេស​ក្នុងការ​បង្កើត​មជ្ឈមណ្ឌល​គាំទ្រ​បច្ចេកវិទ្យា​ និងនវានុវត្តន៍​ (TISC) ដេីម្បី​ជួយ​ជម្រុញ​សកម្មភាព​ស្រាវជ្រាវ​ និងអភិវឌ្ឍ​ ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ​-១៩​ ។ 

ក្នុងឱកាស​នោះ​ផងដែរ​ អង្គការ​ WIPO សន្យាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញា​ ។ 

លោកកិត្តិសេដ្ឋាបណ្ឌិត​ ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បាន​ថ្លែង​អំណរ​គុណ​ ដល់​អង្គការ​ WIPOដែលមាន​កិច្ចសហប្រតិប្តិការល្អ​ ការផ្តល់​ជំនួយ​បច្ចេកទេស​ ការបណ្តុះបណ្តាល​ធនធានមនុស្ស​ និងការអភិវឌ្ឍព័ត៌មានវិទ្យានៅកម្ពុជា​ ៕

ដោយ ៖ សិលា


ចែករំលែក៖