ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូលឿនមិនប្រយ័ត្នបុកដើមត្នោត១ដើមដែលរលំកាត់ទទឹងផ្លូវស្លាប់ម្នាក់ និងរងរបួសធ្ងន់២នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ អកុសលណាស់ដែលបុរសម្នាក់បានស្លាប់និង២នាក់ទៀតរងរបួសធ្ងន់ ខណ:ជិះម៉ូតូលឿនមិនប្រុងប្រយ័ត្នជ្រុលទៅបុកដើមត្នោតមួយដើមដែលរលំដួលកាត់ទទឹងផ្លូវយ៉ាងពេញទំហឹង។

  ឧបទ្ទវហេតុនេះកើតឡើងនៅរសៀលថ្ងៃទី១៧ ខែ​វិច្ឆិកា​ ឆ្នាំ២០២១ នៅលើផ្លូវ​ក្រាល​កៅស៊ូ​ ស្ថិត​នៅភូមិ​វាល​វង់​ ឃុំ​ស្នា​អន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

 ប្រភពពីមន្រ្តីនគរបាលស្រុកក្រគរបានឲ្យដឹងថា មុនពេលកើតហេតុមានម៉ូតូពីរគ្រឿង ទី១-ម៉ូតូ​ម៉ាកហុងដា ឌ្រីមC.១២៥ ស៊េរី០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់ ​1F-4426 បើក​បរ​ដោយឈ្មោះ​ ឃុន និមឿន ភេទ​ប្រុស​ អាយុ១៦ ឆ្នាំ​ ជនជាតិ​ខ្មែរ​ រស់នៅ​ភូមិ​បេង ឃុំ​ស្នាអន្សា ស្រុក​ក្រគរ​ ខេត្ត​ពោធិ៍សាត់​ ស្លាប់​នៅ​កន្លែង​កើតហេតុ ​បើកបរក្នុងទិសដៅពីត្បូងទៅជើង ។

ចំណែកទី២-ម៉ូតូ​ម៉ាក​ហុងដាឌ្រីមC.១២៥ស៊េរី០១៦ ពណ៌ខ្មៅ ​ពាក់ស្លាកលេខ​ពោធិ៍សាត់ ​1G-3069 បើកបរដោយ បុរសមិន​ស្គាល់​អត្តសញ្ញាណ​ រង​របួស​ធ្ងន់​ បើកបរក្នុងទិសដៅពីត្បូងទៅជើង។ ខណ:បើកមកដល់កន្លែងកើតហេតុខាងលើ ក៏បានបុកដើមត្នោត១ដើមដែលរលំកាត់ទទឹងផ្លូវ បណ្ដាលឲ្យមនុស្សម្នាក់បាក់កស្លាប់ និង០២នាក់រងរបួសធ្ងន់តែម្តង ។

ក្រោយកើតហេតុអ្នករងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ច និងក្រុមគ្រូពេទ្យបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ឯសាកសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

 សមត្ថកិច្ចជំនាញបានអះអាងថាករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលមកពីកត្តាល្បឿន និងខ្វះការប្រុងប្រយ័ត្ន ។

រីឯម៉ូតូ០១គ្រឿង ​សមត្ថកិច្ចបាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​សព និង​ម៉ូតូ​០១គ្រឿង​ទៀត ​សមត្ថកិច្ចយកមករក្សាទុក នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្នាអន្សា​ជា​បណ្តោះ​អាសន្ន រង់ចាំក្រុមគ្រួសារមកទទួលយកទៅជួសជុលប្រើប្រាស់វិញ ​៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖