ភ្នំពេញ ៖ ក្រុមចោរ៣នាក់ បានជិះម៉ូតូឌុបគ្នាធ្វេីសកម្មភាពឆក់កាបូបពីនារីម្នាក់ជានិស្សិតឆ្នាំទី៤បានសម្រេច នៅអំឡុងម៉ោង៨យប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្បែរផ្សារស្ទឹងមានជ័យចាស់ តាមនៅបណ្ដោយផ្លូវព្រះមុនីរ៉េត ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
នារីរងគ្រោះមានឈ្មោះ សំណាង អាយុ២៤ឆ្នាំ មុខរបបអ្នករត់ឯកសារ និងជានិស្សិតឆ្នាំ៤ ស្នាក់នៅម្ដុំលូប្រាំ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។ ដោយសម្ភារៈបាត់បង់ក្រុមចោរឆក់ទៅរួមមាន ៖ ប៉ាស្ព័រឆ្លងដែនចំនួន៥សន្លឹក ,ទូរស័ព្ទដៃចំនួន១គ្រឿង ,លុយ៣០$ ,អត្តសញ្ញាណប័ណ្ឌ១សន្លឹក ,កាតចាក់វ៉ាក់សាំង១សន្លឹក ។
បេីតាមសម្ដីនារីរងគ្រោះបានរៀបរាប់ទាំងក្ដុកក្ដួលក្នុងចិត្តថា មុនកេីតហេតុ រូបនាងជិះម៉ូតូមួយគ្រឿងម៉ាក GBX ពណ៌ឈាមជ្រូក គ្មានស្លាកលេខ តែម្នាក់ឯង ធ្វេីដំណេីរចុះពីលេីស្ពានអាកាសស្ទឹងមានជ័យបំណងទៅផ្ទះម្ដុំលូប្រាំ ទិសដៅពីកេីតទៅលិច ខណៈមកជិតដល់ផ្សារស្ទឹងមានជ័យចាស់ ស្រាប់តែលេចមុខជនសង្ស័យ៣នាក់ជិះម៉ូតូមួយគ្រឿងមិនចាំស្លាកលេខ ធ្វេីដំណេីរមកតាមក្រោយ ហេីយធ្វេីសកម្មភាពឆក់កាបូបស្ពាយចំហៀងរបស់គាត់បានសម្រេច រួចជិះគេចខ្លួនដោយសុវត្ថិភាព បេីទោះបីរូបគាត់ខំស្រែកថាចោរៗដេីម្បីឲ្យគេជួយក៏គ្មានអ្នកជួយដេញតាមដែរ ។
ក្រោយកេីតហេតុ នារីរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ភ្លាមៗ ដេីម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍តាមចាប់ជនសង្ស័យ និងយកសម្ភារៈមកវិញទាំងក្ដីអស់សង្ឃឹម ។ បន្ទាប់មករូបនាងក៏ចេញពីប៉ុស្ដិ៍នគរបាលវិញ ក៏ជួបបងប្អូនក្រុមអ្នកសារព័ត៌មាន រួចឲ្យជួយផ្សព្វផ្សាយដល់លោកចោរដែលឆក់យកទៅ ក៏ដូចជាប្រជាពលរដ្ឋដែលរេីសបាន មេត្តាជួយផ្ដល់ប៉ាស្ព័រឆ្លងដែន៥សន្លឹកវិញផង រូបគាត់និងមានជាសារគុណថែមទៀត ព្រោះវត្ថុនេះមានតម្លៃសម្រាប់រូបនាងខ្លាំងណាស់ តែគ្មានតម្លៃអ្វីសម្រាប់អ្នកយកទៅនោះទេ ហេីយក្រៅពីប៉ាស្ព័រឆ្លងដែន៥សន្លឹក រូបគាត់មិនសូវស្ដាយស្រណោះនោះទេ ៕
ដោយ ៖ ភារ៉ា ដង្កោ