ប្រទេសថៃ ៖ ពលករខ្មែរម្នាក់បានដាច់ខ្យល់ស្លាប់ក្នុងពេលមុជទឹករកគ្រុំ នៅបាតសមុទ្រដែលមានជម្រៅជ្រៅ ស្រាប់តែម៉ាស៊ីនផ្លុំ ខ្យល់អុកស៊ីសែនដែលនៅលើទូករលត់ទៅ ។
ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង២ រសៀលថ្ងៃទី១៧ ខែវិច្ឆិកាឆ្នាំ២០២១ នៅចំណុចលើផ្ទៃ ទឹកសមុទ្រស្ថិតក្នុងក្រុងផាត់ ខេត្តឈុនបុរី ប្រទេសថៃ ដែលបណ្តាលឱ្យពលករខ្មែរម្នាក់ឈ្មោះ ឡុង សារៀង ភេទប្រុស អាយុ៤១ឆ្នាំស្លាប់។
សូមបញ្ជាក់ថា, ពលករខ្មែរម្នាក់ឈ្មោះ ពេជ្រ កុមារ ភេទប្រុស អាយុ៣៧ឆ្នាំ បានរៀបរាប់ថា នៅមុនពេលកើតហេតុ វេលាម៉ោង១០ព្រឹកពួកគេទាំង២នាក់បានចេញទូកទៅ តំបន់សមុទ្រជ្រៅ ដើម្បីរកគ្រុំនិងរបស់ផ្សេងៗទៀតនៅ ក្នុងបាតសមុទ្រ ដែលទីនោះមានជម្រៅប្រហែល៧ម៉ែត្រ។
លោកពេជ្រ កុមារ និងលោក ឡុង សារៀង បានមុជទៅបាតសមុទ្រ ដោយប្រើប្រាស់ខ្សែទម្លាក់ចេញពីទូក និងបំពាក់ទុយោ ខ្យល់អុកស៊ីសែនបញ្ជូនខ្យល់តាមរយ:ម៉ាស៊ីននៅលើទូកខណ:ដែលអ្នកទាំងពីរមុជដល់បាតទឹកស្រាប់តែ ម៉ាស៊ីននៅខាងលើទូករលត់ធ្វើឱ្យពួកគេលែងមានខ្យល់ ដកដង្ហើម។
លោកពេជ្រ កុមារ បានឱ្យដឹងថា, ក្រោយពេលដឹងថាអស់ ខ្យល់អុកស៊ីសែនលោកបានទាញខ្សែដែលចងជាប់ទូក ស្ទុះឡើងមកលើផ្ទៃទឹក ដោយឡែកជនរងគ្រោះដែល ស្លាប់គឺគេមិនបានទាញខ្សែឡើងទេដោយសារគាត់ធាក់ដី ស្ទុះហែលឡើងដោយមិនទាញខ្សែ។ ក្រោយពីបាន ឡើងលើទូក លោក កុមារ បានហែលចុះទៅរកជនរង គ្រោះក៏ឃើញគាត់ដាច់ខ្យល់ស្លាប់ទៅហើយ នឹង បានទាញសពដាក់លើទូកនាំយកមកកាន់ច្រាំងហើយ រាយការណ៍ជូនសមត្ថកិច្ចតែម្តង។
ដំណឹងអកុសលនេះ គួរឱ្យអាណិតជនជាតិខ្មែរយើង ដែលខិតខំប្រឹងប្រែង រកការងារធ្វើ ប្រើកម្លាំងពលកម្មដើម្បីកសាងជីវិតក្នុងគ្រួសារ ទីបំផុត ! មច្ចុរាជចង្រៃបានអូសគាត់ទៅកាន់សមរភូមិមរណៈទាំងគាត់នៅពេញកម្លាំង ជួយគ្រួសារ ៕
ដោយ ៖ សិលា