ខេត្តតាកែវ ៖ ជនសង្ស័យជាឃាតកកាប់ឪពុកក្មេករបស់ខ្លួនស្លាប់ហើយព្យាយាមរត់គេចខ្លួនបានមួយថ្ងៃត្រូវកម្លាំងនគរបាលនៃអធិការដ្ឋានស្រុកបាទីធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានយកមកមកសាកសួរនិងផ្តន្ទាទោសតាមច្បាប់។
គួរបញ្ជាក់ឱ្យដឹងថា កាលពីវេលាម៉ោង ១៩:៣០នាទីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១មានករណីឃាតកម្មកាប់សម្លាប់ឪពុកក្មេកមួយបានកើតឡើងនៅក្នុងភូមិប្រាសាទ ឃុំក្រាំងលាវ ស្រុកបាទីខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យឈ្មោះទួន ឡាច ហៅលិបភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន។
សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា នៅមុនពេលកើតហេតុជនសង្ស័យបានមានទំនាស់ពាក្យសម្តីជាមួយឪពុកក្មេកឈ្មោះ ម៉េង ហាក់ ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិប្រាសាទ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។បន្ទាប់មកជនសង្ស័យបានយកកាំបិតផ្គាក់កាប់ទៅលើឪពុកក្មេកមួយកាំបិតចំកចំហៀងខាងឆ្វេងបណ្ដាលឱ្យរងរបួសជាទម្ងន់។ ក្រោយមកក្រុមគ្រួសារបានបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈ ហៅមន្ទីរពេទ្យលោកសង្ឃ តែដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេកជនរងគ្រោះបានស្លាប់នៅក្នុងមន្ទីរពេទ្យតែម្តង។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា មូលហេតុបណ្តាលមកពីកូនប្រសាផឹកស្រាស្រវឹងទើបមានទំនាស់ពាក្យសម្តីជាមួយឪពុកក្មេក។
ក្រោយធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួនរហូតដល់ថ្ងៃទី១៨ ខែវិច្ឆិកាឆ្នាំ២០២១ ទើបកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទីបានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនបានតែម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកបាទីដើម្បីកសាងសំណុំរឿងបញ្ជូនតុលាការចាត់វិធានការតាមនីតិវិធី៕
ដោយ៖ ស សម