ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានទទួលយកការនិពន្ធរបស់ម្ចាស់គណនី facebook ឈ្មោះ ( SamNeth Chan ) ដែលបានចូលទៅសរសេរក្នុងសារហ្វេសប៊ុកផេករបស់សម្ដេច និងបញ្ជូនទៅឱ្យក្រុមចម្រៀងគ្រួសារខ្មែរច្រៀងសាកល្បង បន្ទាប់ពីសម្តេចស្នើឱ្យអ្នកនិពន្ធតែងបទមួយដែលមានចំណងជើងថា «ស្រក់ទឹកភ្នែកតែមិនយំ» ។
សូមបញ្ជាក់ជូនថា នៅព្រឹកនេះសម្តេចតេជោ ហ៊ុន សែន បានបង្ហោះរូបភាព ចំនួន១០សន្លឹករវាងសម្តេច នឹងចៅស្រីទី២១របស់សម្តេច ដែលអន់ចិត្តតែសុខចិត្ដសម្រក់ទឹកភ្នែកដោយមិនយំឱ្យឮ និងក៏បានប្រកាសឱ្យអ្នកនិពន្ធជួយនិពន្ធបទមួយដែលមានចំណងជើងថា«ស្រក់ទឹកភ្នែកតែមិនយំ» ផងដែរ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសរសេរលើហ្វេសប៊ុកផេករបស់សម្ដេចនៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកានេះថា៖ «ម្សិលមិញត្រឡប់ពីធ្វើការមកដល់ផ្ទះ ឆ្លៀតដឹកចៅដើរលេង។ ចៅស្រីទី២១មិនដឹងថាអន់ចិត្តរឿងអីទេបានជាស្រក់ទឹកភ្នែក។ ច្រើន លើកហើយចៅមួយនេះសុខចិត្តសម្រក់ទឹកភ្នែកតែមិនយំឱ្យឮ។ នៅកម្ពុជាយើងតើមានបទចម្រៀងដែលមានចំណងជើង(ស្រក់ទឹកភ្នែកតែមិនយំ)ហើយឬនៅ? បើមិនទាន់មានទេសូមជួយនិពន្ធមួយបទផង» ។
ប្រហែលជាមួយម៉ោងក្រោយមកមានម្ចាស់គណនីហ្វេសប៊ុកឈ្មោះ (SamNeth Chan) បានចូលទៅបញ្ចេញយោបល់នូវការតែងនិពន្ធមួយដែលលោកដាក់ចំណងជើងថា «ទឹកភ្នែកចៅស្រក់មិនចេញសំឡេង» ដែលមានអត្ថន័យថា ការស្រក់ទឹកភ្នែករបស់ចៅគឺដោយសារអាណិតលោកតាដែលបានលះបង់ខំប្រឹងប្រែងដើម្បីជាតិមាតុភូមិ និង ចង់ជួយរំលែកការងាររបស់តាតែមិនអាចជួយបាន ដោយសារខ្លួននៅតូច។
ជាការឆ្លើយតបសម្តេចតេជោ ហ៊ុន សែន បានកោតសរសើរនូវការតែងនិពន្ធនេះ ហើយថានឹងបញ្ជូនឱ្យក្រុមចម្រៀងគ្រួសារខ្មែរច្រៀងសាកល្បងផងដែរ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មកដល់ពេលនេះមានចៅសរុប ២២នាក់ ក្នុងនោះចៅប្រុស១២នាក់ ចៅស្រី១០នាក់។ ជារឿយៗសម្ដេចតែងតែបង្ហាញអារម្មណ៍នឹងចៅ និងបានសរសេរបង្ហោះលើហ្វេសប៊ុកផងដែរនូវអារម្មណ៍ទាំងនេះ ក្នុងនោះក៏បានលើកឡើងនូវ ពាក្យចាស់មួយឃ្លាផងដែរថា៖ «ស្រឡាញ់កូនមួយតៅស្រឡាញ់ចៅមួយថាំង» ៕
ដោយ ៖ សុខ ខេមរា