ភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា, មានករណីក្មេងស្រីពិការគថ្លង់ឈ្មោះ សេង ចន្ថា អាយុ១៨ឆ្នាំ មានឪពុកឈ្មោះ កង សារ៉ាន (ហៅគក់) អាយុ៤៣ បានប្តឹងចោទប្រកាន់ទៅលើមន្រ្តីយោធាម្នាក់ និងជាអ្នកសារព័ត៌មានប្រចាំខេត្តបន្ទាយមានជ័យថាបានទិញដីកូនស្រីគាត់ ប៉ុន្តែឱ្យលុយមិនគ្រប់ (គាត់អះអាងថាសរុបទាំងអស់ $49,000 ប៉ុន្តែបានទទួលតែ $20,000 នៅខ្វះ $16,500 ទៀត)។ នៅទី ១៨ វិច្ឆិកា ២០២១ ម្សិលមិញនេះ ខ្ញុំបាទបានខិតខំសម្របសម្រួលដោះស្រាយបញ្ចប់ក្រៅប្រព័ន្ធតុលាការហើយ ដោយភាគីឪពុកក្មេងស្រីពិការយល់ព្រមប្រគល់ប្រាក់$20,000 ឱ្យទៅអ្នកទិញវិញ រីឯអ្នកទិញយល់ព្រមផ្ទេរដីអោយអ្នកលក់វិញ។
លោក ដួង តារា បន្តថា, នៅឆ្នាំ ២០១៩ ឪពុកក្មេងស្រីពិការបានអះអាងថាគាត់បានពឹងពាក់អ្នករាប់អានគ្នាជិតស្និទ្ធដែលជាអ្នកកាសែតនិងជាយោធាផងអោយជួយលក់ដីខ្លួនទំហំ ១ហិកតាកន្លះ (២៥មX៦០០ម) នៅភូមិបន្ទាយទី១ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ក្នុងតម្លៃ $3.3 ក្នុងមួយម៉ែត្រការ៉េ ដែលសរុបជាទឹកប្រាក់គឺ $49,500។ ក្នុងតម្លៃនេះ ម្ចាស់ដីយល់ព្រមឲ្យប្រាក់កម្រៃជើងសារ $13,000 ។
ភាគីទាំង២គ្មានលិខិតស្នាមទិញលក់ដែលបញ្ជាក់ពីតម្លៃដី ហើយចំពោះការប្រគល់ទទួលប្រាក់ក៏គ្មានលិខិតស្នាមដែរ ព្រោះសម្អាងដោយទុកចិត្តរាប់អានគ្នាជិតស្និទ្ធយូរមកហើយ។ទន្ទឹមនិងនេះ អ្នកទាំង២បានទិញដីរួមគ្នាមួយប្លង់ផ្សេងទៀតសម្រាប់លក់យកចំណេញចែកគ្នាទៀតផង។
តាមការអះអាងពីអ្នកទិញគឺបានប្រាប់ថា ដី១ហិកតាកន្លះនេះទិញក្នុងតម្លៃ $30,000 ហើយបានប្រគល់ប្រាក់គ្រប់ចំនួនអោយទៅឪពុកក្មេងពិការអស់ហើយ។ រីឯឪពុកក្មេងពិការអះអាងថាបានទទួលតែ $20,000។ ប៉ុន្តែអ្នកទិញប្រាប់ថាហាងឆេងដីនៅទីនោះមិនទាន់ឡើងដល់ $3/m2 នៅឡើយទេ។
លោក ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងទៀតថា, ខ្ញុំបានសួរបញ្ជាក់ទៅមេភូមិឈ្មោះ អ៊ុង សារន អំពីហាងឆេងដីនៅទីនោះក្នុងឆ្នាំ ២០១៨ និង២០១៩ គាត់បានបញ្ជាក់ថា តម្លៃតែ $0.30 ក្នុង១ម៉ែត្រការ៉េ (រូបគាត់ក៏បានលក់ដីផ្ទាល់ខ្លួន ២០ហិកតាក្នុងតម្លៃ $0.30/m2 ដែរ ហើយក៏មានពលរដ្ឋ១ភូមិបានលក់ដីសរុប ២០០ហិកតាក្នុងតម្លៃ $0.30/m2 )។ មេភូមិបញ្ជាក់អះអាងថា ហាងឆេងដីនៅទីនោះក្នុងឆ្នាំ ២០១៨/២០១៩គឺតែ 0.3/m2 មិនឡើងដល់ $3.3/m2 ទេ។
លោកមេភូមិបានបញ្ជាក់ផងដែរថា ក្នុងពេលអ្នកទាំង២យកលិខិតស្នាមមកអោយគាត់បញ្ជាក់ដឹងឮ (ពាក្យស្នើសុំលក់ផ្ទេរកម្មសិទ្ធិដី) កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ គឺឃើញមានភាពជិតស្និទ្ធល្អូកល្អឺនជាមួយគ្នា មិនមានលក្ខណៈបង្ខិតបង្ខំអោយក្មេងស្រីពិការផ្តិតមេដៃឡើយ។
ក្រោយពីបានផ្តិតមេដៃប្រគល់ឯកសារដីអោយទៅអ្នកទិញហើយ ក៏មានការប្តឹងផ្តល់គ្នាទៅវិញទៅមកយកត្រូវរៀងៗខ្លួន ប៉ុន្តែគ្មានដំណោះស្រាយ។ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១លោក កង សារ៉ន ជាឪពុកកុមារីបានដាក់ពាក្យគោរពស្នើសុំសម្តេចឲ្យជួយផ្តល់យុត្តិធម៌។
យោងទៅលើគ្មានឯកសារទិញលក់ និងឯកសារបញ្ជាក់ពីតម្លៃដី និងឯកសារប្រគល់ទទួលប្រាក់ និងការបំភ្លឺពីមេភូមិខ្ញុំបានសម្របសម្រួលដោះស្រាយក្រៅប្រព័ន្ធតុលាការឈរលើគោលការណ៌៍ឈ្នះតេជោ៖
១) ប្រសិនបើម្ចាស់ដី (ឪពុកក្មេងស្រីពិការ) នៅតែអះអាងថាតម្លៃដីដែគាត់លក់ពិតប្រាកដ១ហិកតាកន្លះ $49,000 (គាត់បានទទួល $20,000) រីឯប្រាក់នៅជំពាក់គឺ $16,000។ បើយកប្រាក់នៅសល់ $16,000 ចែកជា២គឺម្នាក់ៗទទួលខុសត្រូវ $8,000 ។ ឪពុកក្មេងស្រីពិការសុំ $12,000 ប៉ុន្តែអ្នកទិញមិនយល់ព្រម ព្រោះមិនពិតហើយក៏គ្មានប្រាក់ទៀតផង។
២) ជម្រើសទី ២ គឺម្ចាស់ដីសង $20,000 ទៅអោយអ្នកទិញវិញ។ អ្នកទិញយល់ព្រមប្រគល់ដីនោះទៅអោយឪពុកក្មេងស្រីពិការវិញ។ ជម្រើសទី២នេះ គឺបានយល់ព្រមដោយភាគីទាំង២។
ប៉ុន្តែឪពុកក្មេងស្រីពិការសុំពេល ៤ខែ ដើម្បីលក់ដីផ្សេងយកប្រាក់មកសងអោយអ្នកទិញ។ ភាគីទាំង២បានយល់ព្រមផ្តិតមេដៃសះជាបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការនៅថ្ងៃទី ១៨ វិច្ឆិកា ២០២១ ម្សិលមិញនេះ។
ចំពោះកូនស្រីពិការគថ្លង់ ដែលមានជំងឺរលាកសួតធ្ងន់ធ្ងរធ្លាក់ឈាម ខ្ញុំបានស្នើសុំទៅមន្ទីរពេទ្យប៊ីធនកម្ពុជាចិនជួយពិនិត្យព្យាបាល។
លោក ដួង តារា លើកឡើងថា, ខ្ញុំបាទសូមគោរពអរគុណយ៉ាងជ្រាលជ្រៅបំផុតសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលតែងយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងផ្តល់ភាពយុត្តិធម៍ដល់ពលរដ្ឋនៅទូទាំងប្រទេស ហើយខ្ញុំក៏សូមថ្លែងអំណរគុណដល់មន្ទីរពេទ្យប៊ីធនកម្ពុជាដែលបានទទួលព្យាបាលក្មេងស្រីពិការអោយមានជីវិតរស់នៅឡើងវិញ។
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម បញ្ឈប់របាយការណ៍ភូតកុហក និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើងនៅក្រោមដំបូលសន្តិភាព៕
ដោយ ៖ សិលា