ក្រុងប៉ោយប៉ែត៖ សេចក្ដីរាយការណ៍ពីសមត្ថកិច្ចតាមបន្ទាត់ព្រំដែនបានឲ្យដឹងថា នៅថ្ងៃទី១៩វិច្ឆិកា ឆ្នាំ២០២១ កម្លាំងទាហានថៃដែលឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ បានប្រទះឃើញក្រុមបុគ្គលដែលគួរឲ្យសង្ស័យ ដើរមកតាមច្រករបៀងសំដៅចូលប្រទេសថៃ ត្រង់បរិវេណភូមិភូណាំឃ្លៀង ឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវចំនួន១១នាក់ ក្នុងនោះប្រុស៥ ស្រី៥ និងក្មេងម្នាក់ ទើបឃុំខ្លួនយកទៅសួរនាំបន្ថែម។ពេលសមត្ថកិច្ចថៃសាកសួរ ពលករខ្មែរខាងលើបានប្រាប់ថា ពួកគេមានទីលំនៅក្នុងខេត្តសៀមរាប ចំនួន២នាក់,បាត់ដំបងចំនួន២នាក់,ព្រៃវែងចំនួន៤នាក់,ក្រចេះ១នាក់,តាកែវ២នាក់ ចង់ស៊ីឈ្នួលកាប់អំពៅក្នុងស្រុកគោកឃ្យូង ខេត្តស្រះកែវ ដែលមានថៅកែជាជនជាតិថៃឈ្មោះ ទុយ ដោយមានការទំនាក់ទំនងពីជនជាតិខ្មែរដែលស្នាក់នៅប្រទេសថៃ អោយពួកគេធ្វើដំណើរមកស៊ីឈ្នួលកាប់អំពៅជាមួយគ្នា ដោយពលករទាំងនោះត្រូវចំណាយលុយឲ្យមេខ្យល់នាំផ្លូវក្នុងម្នាក់១,៥០០បាត ដោយអោយលុយមុនក្នុងម្នាក់៥០០បាត និងនៅពេលទៅដល់កន្លែងធ្វើការត្រូវចំណាយបន្ថែមក្នុងម្នាក់១,០០០បាតទៀត។ក្រោយសួរចម្លើយ សមត្ថកិច្ចថៃក៏បញ្ជូនទៅឲ្យជំនាញខ្លងលឹក ដើម្បីចាត់ការតាមច្បាប់បន្ត។
ក្នុងថ្ងៃដដែលនេះដែរ កម្លាំងទាហានថៃប្រចាំស្រុកតាព្រះយ៉ា ខេត្តស្រះកែវ បានប្រទះឃើញក្រុមបុគ្គលគួរឲ្យសង្ស័យ ខណៈដើរមកតាមច្រករបៀង សំដៅចូលទឹកដីថៃ ត្រង់បរិវេណភូមិទ័ព សៀម ឃុំ/ស្រុកតាព្រះយ៉ា ខេត្តស្រះកែវចំនួន៩នាក់ ក្នុងនោះប្រុស៥ និងស្រី៤នាក់ ក្រោយសមត្ថកិច្ចថៃសួរនាំជំហានដំបូងបានឲ្យដឹងថា ពលរដ្ឋខ្មែរខាងលើ ធ្វើដំណើរមកពីខេត្តបន្ទាយ មានជ័យ៨នាក់ និងបាត់ដំបងម្នាក់ ចង់ទៅធ្វើការសំណង់នៅខេត្តមីនបុរី និងក្រុងបាងកក ដោយចំណាយលុយចាប់ពី៧,០០០-៩,០០០បាត ក្នុងម្នាក់ និងចំណាយលុយឲ្យអ្នកនាំផ្លូវខាងដីខ្មែចំនួន១,០០០-៣,០០០បាត ក្នុងម្នាក់ និងចំណាយបន្ថែម៦,០០០បាតនៅពេលទៅដល់គោលដៅ។ក្រោយសួរនាំ សមត្ថកិច្ចថៃ ក៏បញ្ជូនទៅឲ្យជំនាញស្រុកតាព្រះយ៉ា ដើម្បីចាត់ការតាមច្បាប់បន្ត៕
ដោយ ៖ វណ្ណា