ព័ត៌មានទាន់ហេតុការណ៍៖

គ្រឿងញៀនហេរ៉ូអុីនពីអាហ្វហ្គានីស្ថាននឹងបន្តចេញទៅកាន់ទីផ្សារពិភពលោក

ចែករំលែក៖

ចាប់តាំងពីកម្លាំងតាលីបង់ឡើងកាន់អំណាចដឹកនាំអាហ្វហ្គានីស្ថាន នៅថ្ងៃទី១៥ខែសីហាឆ្នាំ២០២១មក ប្រទេសនេះប្រឈមនឹងបញ្ហាសន្តិសុខនិងមនុស្សធម៌យ៉ាងខ្លាំង។ ជាមួយគ្នានោះការគំរាមកំហែងថ្មីបានផ្ទុះឡើង គឺជាការជួញដូរគ្រឿងញៀនជាទ្រង់ទ្រាយធំទៅកាន់ទីផ្សារពិភពលោកដែលអាចបង្កឱ្យមានភេរវកម្មគ្រឿងញៀនកើតឡើង។
តាមរបាយការណ៍ស្រាវជ្រាវរបស់មូលនិធិអឺរ៉ុបស្តីពីការស្រាវជ្រាវតំបន់អាស៊ីខាងត្បូង (EFSAS)បានបញ្ជាក់ថា នេះជាការគំរាមកំហែងទ្រង់ទ្រាយធំដល់សន្តិភាពនៅក្នុងតំបន់និងនៅលើពិភពលោក។អាហ្វហ្គានីស្ថានគីជាប្រទេសដាំគ្រឿងញៀន និងលក់គ្រឿងញៀនចេញទៅទីផ្សារពិភពលោកធំបំផុត។
តាមការលើកឡើងរបស់ EFSAS មានគ្រឿងញៀនដែលប្រើប្រាស់នៅលើពិភពលោកដល់ទៅ៨៧%មានប្រភពមកពីប្រទេសអាហ្វហ្គានីស្ថាន ។ ស្ថានភាពដាំដុះគ្រឿងញៀននៅតែបន្ត បើទោះបីអាមេរិកបានចំណាយប្រាក់ជាង៩ពាន់លានដុល្លារក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកដើម្បីទប់ស្កាត់ការផលិតគ្រឿងញៀននៅក្នុងប្រទេសនេះក្តី។
ក្នុងពេលឡើងកាន់អំណាចអ្នកនាំពាក្យក្រុមតាលីបង់លោក Zabiullah Mujahid បានប្រកាសថា តាលីបង់នឹងមិនអនុញ្ញាតឱ្យដាំដុះគ្រឿងញៀននោះឡើយ។ ប៉ុន្តែ រឿងនោះអាស្រ័យទៅលើប្រទេសសហគមន៍អន្តរជាតិជួយដល់អាហ្វហ្គានីស្ថានក្នុងការបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយបើពិភពលោកមិនជួយនោះទេ ពលរដ្ឋនឹងត្រូវបង្ខំចិត្តដាំគ្រឿងញឿនជាបន្តទៀត៕ ដោយ៖ធីរីណា

រូបថត៖Reuters

 

 


ចែករំលែក៖