ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខណ្ឌចំការមនឃាត់ខ្លួន ជនសង្ស័យម្នាក់ពីបទប្រព្រឹត្តបទល្មើសជាក់ស្តែង ករណីឆបោកយកម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានប្រព្រឹត្តបទល្មើសជាក់ស្តែង ករណីឆបោកយកម៉ូតូបានសម្រេច ក៏ប៉ុន្តែបែរជាអស់លក្ខណ៍ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌចំការមនល្បាតប្រទះឃើញដេញចាប់ឃាត់បានភ្លាមៗ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចតូបកាហ្វេលេខ០១ ផ្លូវលេខ៩៧កែងផ្លូវ៤៨៤ ក្រុម២៤ ភូមិ៧ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ គៀវ បូរីវ៉ាត  ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ  មុខរបរ គ្មាន។

ជនរងគ្រោះឈ្មោះ ឈន សីហា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន មុខរបរ បុគ្គលិកក្រុមហ៊ុនoppo។

វត្ថុតាងដកហូតមានម៉ូតូ០១គ្រឿង ម៉ាកZOOMER ពណ៌សលាយលឿង ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1GC-2992។

លោកវរសេនីយ៍ទោ  ផន អូន អធិការរងទទួលផែនប្រឆាំងគ្រឿងញៀនខណ្ឌចំការមនបានប្រាប់ឱ្យដឹងថា ជនរងគ្រោះកំពុងនៅផ្ទះ ជនសង្ស័យបានឆាតតាមតេលេក្រាមគ្រុបខ្ទើយ៦៩ មកជនរងគ្រោះ ឱ្យមកយកខ្លួននៅរង្វង់មូលផ្សារដើមថ្កូវ។ ពេលជនរងគ្រោះមកដល់ ជនសង្ស័យបានសុំឌុបជនរងគ្រោះ ហើយពេលឌុបមកដល់ចំណុចកើតហេតុ ជនសង្ស័យបានឈប់ម៉ូតូទិញកាហ្វេ ហើយហុចលុយឱ្យជនរងគ្រោះចុះទៅឱ្យថ្លៃកាហ្វេ។ ពេលជនរងគ្រោះចុះពីម៉ូតូជនសង្ស័យបានបើកម៉ូតូគេចខ្លួន តែជនរងគ្រោះបានស្រែកថាចោរៗ ត្រូវបានអ្នកធ្វើដំណើតាមផ្លូវជួយឃាត់បាននាំយកមកប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍បឹងត្របែកចាត់ការតាមនីតិវិធី៕

ដោយ៖ជីណា


ចែករំលែក៖