ខេត្តស្វាយរៀង៖ នៅរសៀលថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ២០២១ ព្រះគ្រូ រឹក សាបូ អនុគណក្រុងស្វាយរៀង និងជាចៅអធិការវត្ត បទុមសុផានារាម ហៅវត្តគយត្របែក បានមានសទ្ធាជ្រះថ្លាផ្ដួចផ្ដើមប្រារព្ធពិធីពុទ្ធាភិសេកព្រះពុទ្ធព្រះសិវលីនិងព្រះរូបព្រះបាទជ័យវរ្ម័នទី៧ និងពិធីអកអំបុក សំពះព្រះខែក្នុងវត្ត (បទុមសុផានារាម) ហៅវត្តគយត្របែក ដែលស្ថិតនៅក្នុងភូមិគយត្របែក សង្កាត់គយត្របែក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់អស់លោក លោកស្រី ឧបាសក ឧបាសិកា ទាយក ទាយិកានិងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន ពីទីជិត ទីឆ្ងាយ និងលោកតា លោកយាយ ចំណុះជើងវត្តយ៉ាងច្រើនកុះករផងដែរ ។
ក្នុងឱកាសនោះ ព្រះគ្រូ រឹក សាបូ អនុគណក្រុងស្វាយរៀង និងជាព្រះចៅអធិការវត្ត បទុមសុផានារាម ហៅវត្តគយត្របែកបានមានថេរដីកាបន្ថែមថា ពិធីនេះបានប្រព្រឹត្តទៅយ៉ាងរលូន។ព្រះអង្គសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក លោកស្រី និងញាតិញោមមកពីទីជិត ទីឆ្ងាយទាំងអស់ ដែលបានចូលរួមចាប់មគ្គផលនិងអនុមោទនាយកផលានិសង្សតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន។
ជាចុងបញ្ចប់ព្រះគ្រូ សូមប្រសិទ្ធពរជ័យ សិរីសួស្ដី ជ័យមង្គលចូរកើតមានដល់អស់លោកលោកស្រីនិងញាតិញោមទាំងអស់សូមបានជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
បន្ទាប់ពីបញ្ចប់ពិធីពុទ្ធាភិសេកព្រះពុទ្ធព្រះសិវលីនិងព្រះរូបព្រះបាទជ័យវរ្ម័នទី៧ រួចមកក៏មានធ្វើពិធីអកអំបុក សំពះព្រះខែក្នុងវត្តយ៉ាងសប្បាយរីករាយនិងអធិកអធមផងដែរ៕
ដោយ៖យឹម សុថាន