ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋ​មន្រ្តី ឈៀង យ៉ាណារ៉ា ជា​វាគ្មិន​ក្នុង​វេទិកា​ស្តីពី​ភាព​ជាដៃគូ​សកល​ទីក្រុង​ប៉ូសាន​ឆ្នាំ២០២១ ក្រោម​មូល​បទ ‹ការលើក​កម្ពស់​ស័ក្តិ​សិទ្ធិភាព​ក្នុង​កិច្ច​អភិវឌ្ឍន៍៖ អភិក្រម​ប្រកប​ដោយ​នវានុវត្តន៍​ក្នុង​បរិការណ៍​វិបត្តិ​ជំងឺកូវីដ-១៩ ដើម្បី​ឈាន​ទៅ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព›

ចែករំលែក៖

ភ្នំពេញ៖ នាថ្ងៃព្រហស្បិ៍-សុក្រ ១៣-១៤ កើត ខែអស្សុជ ឆ្នាំឆ្លូវ ព.ស. ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅ​ទីស្តីការ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោករដ្ឋ​មន្រ្តី ឈៀង យ៉ាណារ៉ា រដ្ឋ​មន្រ្តី​ប្រតិភូ​អម​នាយក​រដ្ឋ​មន្រ្តី និង​ជា​អគ្គលេខាធិការ​គណៈ​ធិការ​នីតិ​សម្បទា និង​អភិវឌ្ឍន៍​កម្ពុជា​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (គ.ជ.នា/ក.អ.ក) បាន​អញ្ចើញ​ចូល​រួម​ជា​វាគ្មិន​ក្នុង​វេទិកា​ស្តីពី​ភាព​ជាដៃគូ​សកល​ទីក្រុង​ប៉ូសាន​ឆ្នាំ២០២១ ក្រោម​មូល​បទ ‹ការលើក​កម្ពស់​ស័ក្តិ​សិទ្ធិភាព​ក្នុង​កិច្ច​អភិវឌ្ឍន៍៖ អភិក្រម​ប្រកប​ដោយ​នវានុវត្តន៍​ក្នុង​បរិការណ៍​វិបត្តិ​ជំងឺកូវីដ-១៩ ដើម្បី​ឈាន​ទៅ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព› ដែល​រៀបចំ​ដោយ​ក្រសួង​ការបរទេស​នៃ​សាធារណៈរដ្ឋ​កូរ៉េ តាមរយៈ​ប្រព័ន្ធ​បញ្ជូន​រូបភាព និង​សម្លេង (Video Conference)។ 

គោលបំណង​ចម្បង​នៃ​វេទិកា​នេះ គឺ​ដើម្បី​ឆ្លុះ​បញ្ចាំង​ពីវឌ្ឍនភាព​រយៈពេល​១០ឆ្នាំ នៃ​ការ​អនុវត្ត​ការ​ប្តេជ្ញាសកល​នៃ​វេទិកា​កំពូល​ទីក្រុង​ប៉ូសាន ចាប់​តាំង​ពីវេទិកា​ត្រូវ​បាន​រៀបចំ​ក្នុង​ឆ្នាំ២០១១ និង​ចែក​រំលែក​គំនិត​ផ្តួចផ្តើម​ដែល​ឆ្លើយតប​នឹង​បរិការណ៍​អភិវឌ្ឍន៍​ថ្មីៗ ពិសេស​វិបត្តិ​ជំងឺ​កូវីដ-១៩ និង​ជាការ​ត្រៀម​សម្រាប់​វេទិកា​កម្រិត​កំពូល​ស្តីពី​ស័ក្តិសិទ្ធិភាព​ក្នុង​កិច្ច​អភិវឌ្ឍន៍ ដែល​គ្រោង​រៀបចំ​នៅ​ប្រទេសស្វ៊ីស ឆ្នាំ២០២២ ។

ជាវាគ្មិនកិត្តិយសក្នុងប្រធានបទស្តីពី “ការកែទម្រង់ក្របខណ្ឌតាមដានភាពជាដៃគូសកលស្តីពីស័ក្តិសិទ្ធិភាព ក្នុងកិច្ចអភិវឌ្ឍន៍ (GPEDC Monitoring Reforms)”, លោករដ្ឋមន្តី បានវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាល សាធារណរដ្ឋកូរ៉េ ដែលបានរៀបចំវេទិកាពិគ្រោះយោបល់នេះ យ៉ាងល្អប្រសើរ ។ បន្ថែមលើនេះ លោក ក៏បានផ្តល់ មតិយោបល់សំខាន់ៗលើក្របខណ្ឌអភិបាលកិច្ច និងដំណើរការ ដើម្បីពង្រឹងប្រសិទ្ធភាពយន្តការ GPEDC និងបាន បញ្ជាក់អំពីសមិទ្ធផលសំខាន់ៗរបស់កម្ពុជាក្នុងការលើកកម្ពស់ស័ក្តិសិទ្ធិភាពក្នុងកិច្ចអភិវឌ្ឍន៍ ។ គួរបញ្ចាក់ថា កម្ពុជា បានចូលរួម និងអនុវត្តដោយជោគជ័យនូវការប្ដេជ្ញាសកលស្តីពីស័ក្តិសិទ្ធិភាពក្នុងកិច្ចអភិវឌ្ឍន៍ តាមរយៈការដាក់ បញ្ចូលគោលការណ៍ និងសូចនាករសកលស្ដីពីស័ក្ដិសិទ្ធិភាពក្នុងកិច្ចអភិវឌ្ឍន៍ទៅក្នុងក្របខណ្ឌលទ្ធផលនៃយុទ្ធសាស្ត្រ ស្តីពីសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូ ។ លើសពីនេះ កម្ពុជាបានរៀបចំការអង្កេតការអនុវត្តស័ក្តិសិទ្ធិភាពក្នុងកិច្ចអភិវឌ្ឍន៍ជាប្រចាំ តាមរយៈការប្រើប្រាស់ប្រព័ន្ធទិន្នន័យកម្ពុជាស្តីពីហិរញ្ញប្បទានសហប្រតិបត្តិការ ការសហការពីដៃតួអភិវឌ្ឍន៍ ។ ដោយមាន ជាទីបញ្ចប់ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍ទាំងអស់ ចំពោះការបន្តប្តេជ្ញា និងអនុ វត្តគោលការណ៍ភាពជាដៃគូក្នុងកិច្ចអភិវឌ្ឍន៍ ក្នុងការចូលរួមលើកកម្ពស់ស័ក្តិសិទ្ធិភាពក្នុងកិច្ចអភិវឌ្ឍន៍ នៅកម្ពុជា ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖