ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស៊ីស្រវឹងទាស់ពាក្យសម្តីគ្នា ម្នាក់ដេកពេទ្យម្នាក់ទៀតដេកគុក

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកបានឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។

ការឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង៤និង១៥នាទីរសៀលថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០២១ នៅចំណុចភូមិពោធិ៍វង្ស ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះសែម វ៉ាន់ថៃ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។

ចំណែកជនរងគ្រោះឈ្មោះ អែម លាង អាយុ៣៨ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិព្រៃរំដួល ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

តាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុជនរងគ្រោះនិងជនសង្ស័យបានផឹកស៊ីជាមួយគ្នារហូតដល់ស្រវឹង ស្រាប់តែមានទំនាស់ពាក្យសម្តីគ្នាយ៉ាងខ្លាំងធ្វើឱ្យជនសង្ស័យស្ទុះទៅទាញយកកាំបិតបុ័ងតោកាប់ទៅលើជនរងគ្រោះត្រូវចំគល់កខាងឆ្វេងបណ្ដាលឱ្យរបួសធ្ងន់ទើបបង្កការភ្ញាក់ផ្អើលនិងរាយការណ៍ទៅសមត្ថកិច្ចឱ្យចុះមកធ្វើអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យនិងដកហូតយកវត្ថុតាងកាំបិតបុ័ងតោយកទៅចាត់ការតាមច្បាប់។  ចំណែកជនរងគ្រោះបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅទីបញ្ជាការកងរាជអាវុធហត្ថស្រុកស្វាយទាបដើម្បីចាត់ការបន្តតាមច្បាប់៕

ដោយ៖យឹម សុថាន


ចែករំលែក៖