សហព័ន្ធបាល់ទាត់របស់ប្រទេសអ៊ុយរ៉ាហ្គាយបានសម្រេចចិត្តបញ្ចប់តំណែងលោក Oscar Tabarez អ្នកចាត់ការទូរទៅក្រុមជម្រើសជាតិបន្ទាប់ពីក្រុមអ៊ុយរ៉ាហ្គាយលេងចាញ់ជាច្រើនប្រកួតក្នុងការជម្រុះយកកៅអីទៅលេងWorld Cupឆ្នាំ២០២២ក្នុងប្រទេសកាតា។
លទ្ធផលចាញ់ក្រុមជម្រើសជាតិប៊ុលឡាវី ៣-០ បានធ្វើតំណែងរបស់លោកOscar Tabarezដែលដឹកនាំក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយអស់រយៈពេល១៥ឆ្នាំហើយត្រូវបានបញ្ចប់។ ជម្រើសជាតិអ៊ុយរ៉ាហ្គាយបានចាញ់៤ប្រកួតជាប់គ្នាធ្វើឲ្យពួកគេឈរលេខរៀងទី៧នៅក្នុងចំណោមក្រុមជម្រុះWorld Cupក្នុងតំបន់ទ្វីបអាមេរិកខាងត្បូង។
សហព័ន្ធបាល់ទាត់របស់ប្រទេសអ៊ុយរ៉ាហ្គាយ(AUF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយក្នុងគេហទំព័ររបស់ខ្លួនថា “ពួកយើងសូមជំរាបជូនថាការសម្រេចចិត្តបញ្ចប់តំណែងរបស់លោកOscar Tabarez មិនមែនមានន័យថាយើងមិនអើពើពីសមទ្ធិផលរបស់លោកក្នុងរយៈពេល១៥ឆ្នាំនេះទេ។ ពួកយើងបានសម្រេចចិត្តដ៏លំបាកមួយនេះគឺដើម្បីធ្វើឲ្យវិស័យបាល់ទាត់របស់អ៊ុយរ៉ាហ្គាយរីកចម្រើនទៅមុខក្នុងថ្ងៃអនាគតយ៉ាងខ្លីនិងទទួលបានលទ្ធផលល្អ។”
លោកOscar Tabarezដែលមានវ័យ៧៤ឆ្នាំបានមកដឹកនាំក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយជាលើកទី២របស់គាត់ក្នុងឆ្នាំ២០០៦ ហើយបានជួយក្រុមជម្រើសជាតិនេះឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ឆ្នាំ២០១០ ហើយនិងជួយក្រុមអ៊ុយរ៉ាហ្គាយឈ្នះជើងឯកទ្វីបអាមេរិកខាងត្បូងCopa America ក្នុងឆ្នាំ២០១១។
ដោយ៖ ភារៈប្រភពរូបៈhttps://www.dailymail.co.uk/sport/football