ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រីទេសចរណ៍ប្រកាសថា ផ្អែកលើការគ្រប់គ្រងចរន្តភ្ញៀវទេសចរនាពេលបុណ្យអុំទូកនេះ កម្ពុជាអាចទទួលទេសចរអន្តរជាតិដែលចាក់វ៉ាក់សាំងរួចបានហើយ

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ ផេកក្រសួងទេសចរណ៍បានបញ្ជាក់ថា,  លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញការវាយតម្លៃលើការគ្រប់គ្រងចរន្តភ្ញៀវទេសចរនាឱកាសព្រះរាជពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃនេះ ហើយក៏បានប្រកាសថា ផ្អែកលើការគ្រប់គ្រងចរន្តភ្ញៀវទេសចរនាពេលបុណ្យអុំទូកនេះគឺមានភាពល្អប្រសើរច្រើន និងអាចចាត់ទុកថាជាបុរេលក្ខខណ្ឌមួយដ៏សំខាន់ក្នុងការត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិសុវត្ថិភាពដែលបានចាក់វ៉ាក់សាំងរួច។

សូមបញ្ជាក់ថា, នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក ថោង ខុន បានឱ្យដឹងថា ចំពោះឥរិយាបថភ្ញៀវទេសចរក៏មានប្រែប្រួលខ្លះដែរធៀបនឹងពេលកន្លងមក ដោយក្នុងនោះពួកគាត់មួយចំនួនបានងាកមកប្រើប្រាស់សេវារបស់មូលដ្ឋានអាជីវកម្ម ដូចជាការស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយ និងសណ្ឋាគារធម្មតា ផ្ទះសំណាក់ ដែលបានធ្វើឲ្យអត្រាកក់បន្ទប់ស្នាក់នៅតាមខេត្តគោលដៅទេសចរណ៍សំខាន់ៗមានកម្រិតខ្ពស់ និងការចូលទទួលទានអាហារដោយផ្ទាល់នៅតាមបណ្តាអាហារដ្ឋាន និងភោជនីយដ្ឋានក៏មានការកើនឡើង ខណៈដែលនាពេលកន្លងមកពួកគាត់ច្រើនតែត្រៀមសម្ភារៈ និងម្ហូបអាហារដាក់តាមខ្លួនច្រើនជាងចូលទទួលទានផ្ទាល់នៅក្នុងហាង។

លោកបានបញ្ជាក់ថា កត្តាទាំងអស់នេះ សបញ្ជាក់ឲ្យឃើញនូវដំណើរត្រលប់ទៅរកប្រក្រតីភាពថ្មី និងធ្វើឲ្យមានចរន្តសេដ្ឋកិច្ចមានដំណើរការឡើងវិញ ពិសេសសម្រាប់មូលដ្ឋានអាជីវកម្ម និងវិស័យឯកជន ដែលបានផ្អាកសកម្មភាពនាពេលកន្លងមក។ ចំនួនភ្ញៀវទេសចរដ៏ច្រើននេះ ពិតជាបានរួមចំណែកដ៏សំខាន់ក្នុងផ្តល់ជាប្រាក់ចំណូល និងក្តីសង្ឃឹមសម្រាប់វិស័យឯកជន និងប្រជាពលរដ្ឋទូទៅ។

លោករដ្ឋមន្ត្រីបានកត់សម្គាល់ឃើញថា រដ្ឋបាលរាជធានី-ខេត្ត មន្ទីរទេសចរណ៍បានខិតខំក្នុងការជំរុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ SOP និងវិធានការ «៣កុំ និង ៣ការពារ» ក្នុងការទប់ស្កាត់កូវីដ-១៩ ដោយចាត់ក្រុមការងារជំនាញចុះអប់រំណែនាំផ្ទាល់ដល់គ្រប់មូលដ្ឋានអាជីវកម្ម ខណៈដែលបុគ្គលិកបម្រើការក៏ទទួលបានការចាក់វ៉ាក់សាំងពេញលេញផងដែរ។

ចំពោះភ្ញៀវទេសចរ លោកសង្កេតឃើញជារួមថា ពួកគាត់មានរីករាយ និងហាក់មានអារម្មណ៍ធូរស្រាលក្នុងចិត្តក្នុងការដើរកម្សាន្តបានពេញលេញ ពិសេសក្រោយពេលដែលបានចាក់វ៉ាក់សាំងបានពេញលេញ និងស្ថានភាពទូទៅកំពុងត្រលប់ទៅរកប្រក្រតីភាពថ្មីជាបណ្តើរៗ។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបន្តរាយការណ៍ថា គណៈបញ្ជាការឯកភាពរាជធានី-ខេត្ត កងកម្លាំងមានសមត្ថកិច្ច ពិតជាបានខិតខំក្នុងការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍ ស្របពេលចរន្តភ្ញៀវទេសចរមានភាពផុសផុលនៅគ្រប់រាជធានី-ខេត្ត។

ជាការវាយតម្លៃជាបឋមរបស់ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងទេសចរណ៍«ការគ្រប់គ្រងចរន្តភ្ញៀវទេសចរនាឱកាសព្រះរាជពិធីបុណ្យអុំទូកនេះមានភាពល្អប្រសើរច្រើន និងអាចចាត់ទុកថាជាបុរេលក្ខខណ្ឌមួយដ៏សំខាន់ក្នុងការត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិសុវត្ថិភាពដែលបានចាក់វ៉ាក់សាំងរួច»។

លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា ក្រសួងទេសចរណ៍បានប្ដេជ្ញាបន្តខិតខំពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និង SOP និងវិធានការចាំបាច់នានា ដើម្បីជំរុញលើកស្ទួយវិស័យទេសចរណ៍ក្នុងគន្លងប្រក្រតីភាពថ្មីនៃជំងឺកូវីដ-១៩៕

ដោយ ៖ សិលា


ចែករំលែក៖