ខេត្តបន្ទាយមានជ័យ: លោកឧត្តមសេនីយ៍ បោន ប៊ិន មេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ ក្លាយជា” បេះដូងមេបញ្ជាការមនោសញ្ចេតនាប្រកបដោយព្រហ្មវិហារធម៌ ” បន្ទាប់ពីនៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ លោកបានបញ្ជាក់ថា លោកបានរ៉ាប់រងទាំងស្រុង នូវការចំណាយចំពោះការព្យាបាលមន្ត្រីអាវុធហត្ថដែលរងរបួសក្នុងការចុះបង្ក្រាបក្រុមទំនើងដែលបង្ករការអុកឡុក នៅក្រុងប៉ោងប៉ោយប៉ែតកាលពីរាត្រីថ្ងៃទី២០ វិច្ឆិកា ២០២១កន្លងទៅ មិនអោយក្រុមគ្រួសារកងកម្លាំងដែលរងគ្រោះជួបការលំបាកក្នុងការដោះស្រាយចំណាយឡើយ ។
លោកឧត្តមសេនីយ៍ បោន ប៊ិន មេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ សូមជូនពរដល់កូនចៅជានាយអាវុធហត្ថរងគ្រោះសូមឆាប់បានជាសះស្បើយឆាប់ៗ ។
សូមបញ្ជាក់ថា, មានករណីផ្ទុះអាវុធនៅក្រុងប៉ោយប៉ែត នៅវេលាម៉ោង ១២៖២០នាទី ថ្ងៃអាទិត្យ ទី២១ ខែវិចិ្ឆកាឆ្នាំ២០២១ នៅក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ នៅចំណុចទឹកពុះ កាស៉ីណូផ្កាយប្រាំ គឺជាការចុះបង្ក្រាបរបស់សមត្ថកិច្ច ចំពោះជនជាតិថៃមួយក្រុម និងក្រុមកាងជនជាតិថៃ ដែលធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ។បើតាមលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ក្រុមបង្កទាំងនោះបានប្រើដប គប់មកលើកម្លាំងអាវុធហត្ថ ព្រមទាំងបានប្រើអាវុធបាញ់មកលើសមត្ថកិច្ច បណ្តាលឲ្យកម្លាំងអាវុធហត្ថរងរបួស៣នាក់ ក្នុងនោះកម្លាំងអាវុធហត្ថម្នាក់ត្រូវគ្រាប់កាំភ្លើងដែលជនបង្កបាញ់ធ្លាយថ្ពាល់និងថ្គាមពីម្ខាងទៅម្ខាងរបួសធ្ងន់ ទើបកម្លាំងសមត្ថកិច្ចសម្រេចចិត្តបាញ់ឡើងលើជាច្រើនគ្រាប់ដើម្បីទប់ទល់ស្ថានការណ៍។លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានបន្តថា ជាលទ្ធផលសមត្ថកិច្ចឈានដល់បើកប្រតិបត្តិការចាប់ឃាត់ខ្លួនក្រុមបង្កទាំងនេះបាន ១៥នាក់ និងកំពុងបន្តស្វែងរកចាប់ខ្លួនបក្សពួកក្រុមបង្កបញ្ហាបន្តបន្ទាប់ទៀត។ កម្លាំងសមត្ថកិច្ច ដែលរងរបួសត្រូវបានបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ដោយឡែកក្រុមជនសង្ស័យសមត្ថកិច្ចកំពុងធ្វើកំណត់ហេតុស្តាប់ចម្លើយ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី ៕
ដោយ៖ សិលា