ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីស្ដីទីក្រសួងទេសចរណ៍ ផ្ដល់អនុសាសន៍ឱ្យនិស្សិតខ្មែរដែលសិក្សានៅរុស្ស៉ីជួយផ្សព្វផ្សាយពីទេសចរណ៍ជាតិ និងយកចំណេះដឹងមកបម្រើជាតិមាតុភូមិវិញ !

ចែករំលែក៖

ភ្នំពេញ ៖ លោក ទិត ចន្ថា រដ្ឋមន្រ្តីស្តីទីនៃក្រសួងទេសចរណ៍ បានផ្ដល់អនុសាសន៍ល្អៗមួយចំនួនដល់ក្រុមនិស្សិតខ្មែរដែលត្រូវទៅសិក្សាបន្តនៅសហព័ន្ធរុស្ស៉ី ក្នុងនោះ លោកបានណែនាំឱ្យពួកគេជួយផ្សព្វផ្សាយអំពីវិស័យទេសចរណ៍ជាតិទៅកាន់មិត្តភក្តិក្នុងសាលា ក៏ដូចជានាឱកាសកម្មវិធីនានាក្នុងពេលសិក្សានៅប្រទេសរុស្ស៉ីនោះ ពិសេសបំផុតគឺត្រូវខិតខំសិក្សាឱ្យបានជាចំណេះដឹង ហើយយកចំណេះដឹងទាំងនោះត្រលប់មកបម្រើការងារជួយជាតិមាតុភូមិកម្ពុជាវិញ។

ការផ្ដល់អនុសាសន៍បែបនេះធ្វើឡើងក្នុងពេលដែល លោករដ្ឋមន្ត្រីស្ដីទី ទិត ចន្ថា ទទួលជួបសំណេះសំណាលជាមួយក្រុមនិស្សិតកម្ពុជាដែលទទួលបានអាហារូបករណ៍ទៅសិក្សាបន្តនៅប្រទេសរុស្ស៉ី នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅទីស្តីការក្រសួងទេចរណ៍ ដើម្បីទទួលបាននូវអនុសាសន៍ល្អៗពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ព្រមទាំងដើម្បីទទួលបាននូវឯកសារនានាសម្រាប់ការផ្សព្វផ្សាយអំពីវិស័យទេសចរណ៍នៅកម្ពុជា។

នាឱកាសនោះ លោក ទិត ចន្ថា បានលើកបង្ហាញប្រាប់ក្រុមនិស្សិតកម្ពុជាអំពីសារសំខាន់នៃវិស័យទេសចរណ៍ ដែលជាវិស័យអាទិភាពមួយក្នុងការជំរុញនូវការអភិវឌ្ឍវិស័យសេដ្ឋកិច្ចជាតិ ព្រមទាំងបានជួយផ្សព្វផ្សាយអំពីកិត្យានុភាពជាតិ ពិសេសគឺបានជំរុញការអភិវឌ្ឍប្រទេសជាតិបានមួយកម្រិតផងដែរ។ លោកថា ដោយសារប្រទេសកម្ពុជាមានសុខសន្តិភាពក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យវិស័យទេសចរណ៍មានការអភិវឌ្ឍជាលំដាប់ ក្នុងនោះកម្ពុជាធ្លាប់ទទួលបានភ្ញៀវទេសចរអន្តរជាតិជាង៦.៦លាននាក់ កាលពីឆ្នាំ២០១៩កន្លងទៅ ជាមួយនឹងការទទួលបានប្រាក់ចំណូលចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិរាប់លានដុល្លារ និងបង្កើតឱកាសការងាររាប់ម៉ឺនដល់ប្រជាជន។ ក៏ប៉ុន្តែដោយសារវិបត្តិជំងឺកូវីដ១៩ វិស័យទេសចរណ៍ ក៏ដូចជាវិស័យផ្សេងទៀតក៏បានរងនូវវិបត្តិធ្ងន់ធ្ងរ។

លោករដ្ឋមន្ត្រីស្ដីទីបានបន្តទៀតថា , ក្រោមការដឹកនាំគិតគូរយកចិត្តទុកដាក់របស់សម្ដេចតេជោ ហ៊ុន សែន កម្ពុជាបានខិតខំទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងនោះសម្ដេចតេជោបានដាក់ចេញនូវវិធានការសុខាភិបាល ដើម្បីការពារទប់ស្កាត់ និងគ្រប់គ្រងនូវការរាតត្បាតនៃជំងឺដ៏កាចសាហាវនេះ ពិសេសគឺការជំរុញការចាក់វ៉ាក់សាំងបង្ការមេរោគកូវីដ១៩រហូតដល់៣ដូសជូនប្រជាជននៅទូទាំងប្រទេស។ ជាមួយគ្នានោះដែរ វិស័យទេសចរណ៍ក៏ទទួលបាននូវការស្ដារ និងលើកស្ទួយឡើងវិញ ហើយចរន្តភ្ញៀវទេសចរក៏ចាប់ផ្ដើមមានសន្ទុះឡើងវិញ ជាក់ស្ដែងក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកនិងថ្ងៃឈប់សម្រាក៤ថ្ងៃនេះ កម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងប្រមាណជាង១លាននាក់ កើនឡើងខ្ពស់ជាងឱកាសផ្សេងៗក្នុងបរិបទជំងឺកូវីដ១៩នេះ។

លោក ទិត ចន្ថា ក៏បានយកឱកាសនេះបញ្ជាក់ជូនក្រុមនិស្សិតខាងលើដែរថា ក្នុងចំណោមមន្ត្រីរាជការកម្ពុជាក៏មានអ្នកធ្លាប់ទៅសិក្សានៅអតីតសហភាពសូវៀតដែរ ហើយក៏បានត្រលប់មកបម្រើជាតិមាតុភូមិវិញ ដូច្នេះក្រុមនិស្សិតដែលបានទៅសិក្សានៅក្រៅប្រទេសនេះ ក៏ត្រូវយកថ្នាក់ដឹកនាំជំនាន់មុនធ្វើជាគំរូ ពោលគឺត្រូវខិតខំសិក្សារៀនសូត្រយកចំណេះដឹង គោរពវិន័យ រក្សាសេចក្ដីថ្លៃថ្នូរក្នុងភាពជាខ្មែរ រក្សាសាមគ្គីភាព ភាតរភាព ដើម្បីយកចំណេះដឹងទាំងនោះត្រលប់មកជួយធ្វើការបម្រើជាតិកម្ពុជាវិញ។ លោកបានបន្តណែនាំឱ្យក្រុមនិស្សិតត្រូវចេះដឹងគុណរាជរដ្ឋាភិបាល ដែលបានបង្កលក្ខណៈឱ្យពួកគេទទួលបានអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស។

លោករដ្ឋមន្ត្រីស្ដីទីក៏បានណែនាំឱ្យក្រុមនិស្សិតជួយផ្សព្វផ្សាយអំពីសក្ដានុពលទេសចរណ៍ សម្បត្តិវប្បធម៌ ក៏ដូចជាកិត្យានុភាពជាតិ ដែលជាផ្នែកមួយនៃការជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍ជាតិផងដែរ ពីព្រោះក្រុមនិស្សិតកម្ពុជានៅក្រៅប្រទេសក៏អាចដើរតួជាទូតសុឆន្ទៈឱ្យប្រទេសកម្ពុជាផងដែរ។

លោក ណោង រិទ្ធី ប្រធានសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៉ី បានថ្លែងថា សម្រាប់ឆ្នាំសិក្សា២០២១-២០២២ រដ្ឋាភិបាលសហព័ន្ធរុស្ស៉ីបានផ្ដល់អាហារូបករណ៍មកកាន់រាជរដ្ឋាភិបាលកម្ពុជាចំនួន២៧កន្លែង ព្រមទាំង៤កន្លែងទៀតជាអាហារូបករណ៍ដាច់ដោយឡែករបស់សាលានៅប្រទេសរុស្ស៉ី សរុបប្រហែល៣០កន្លែង។ ចំពោះជំនាញសិក្សាមានដូចជាជំនាញវិស្វកម្មនុយក្លេអ៊ែរ វិស្វកម្មបច្ចេកវិទ្យា ទំនាក់ទំនងអន្តរជាតិ ក៏ដូចជាជំនាញវិស្វកម្មផ្សេងៗទៀត។

ក្នុងនាមជាប្រធានសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៉ី បានបង្ហាញចំណាប់អារម្មណ៍ថា ប្រទេសរុស្ស៉ីជាអតីតសហភាពសូវៀតដែលមានភាពជឿនលឿនលើវិស័យបច្ចេកវិទ្យា ថាមពលនុយក្លេអ៊ែរ ការស្រាវជ្រាវ ដូច្នេះការសិក្សានៅប្រទេសរុស្ស៉ីគឺមានគុណភាពខ្ពស់ តួយ៉ាងដូចជាក្រុមនិស្សិតខ្មែរដែលបានទៅសិក្សានៅសម័យចាប់ពីសហព័ន្ធរុស្ស៉ីមកដល់ពេលបច្ចុប្បន្ន គឺភាគច្រើនបំផុតទទួលបានការងារធ្វើល្អ ប្រាក់ខែខ្ពស់ ពិសេសគឺបានចូលរួមដល់កិច្ចការអភិវឌ្ឍប្រទេសជាតិ។

សូមជម្រាបថា នាឱកាសនោះ លោករដ្ឋមន្ត្រីស្ដីទី ទិត ចន្ថា ក៏បានប្រគល់ថវិកាឧបត្ថម្ភរបស់ក្រសួងទេសចរណ៍ចំនួន៥លានរៀល ដែលបានឧបត្ថម្ភជូនសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៉ី ក្នុងការចាត់ចែងប្រើប្រាស់តាមសេចក្ដីត្រូវការជាក់ស្ដែង៕

ដោយ ៖ សិលា


ចែករំលែក៖