ភ្នំពេញ ៖ សូមជម្រាបជូនថា, ស្ថានទូតចិនប្រចាំកម្ពុជាបានបង្ហោះលើផេកផ្លូវការថា, នាថ្ងៃទី១០ខែវិច្ឆិកា យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាមបានបង្ហាញថា គម្រោងស្ពានឆ្លងទន្លេភ្ជាប់ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលជាជំនួយសាងសង់ដោយរដ្ឋាភិបាលចិន ត្រូវបានបញ្ចប់រួចរាល់។ សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធស្ពានខាងលើនាថ្ងៃទី២៣ ខែខែវិច្ឆិក។
ស្ថានទូតចិនប្រចាំកម្ពុជា បានលើកឡើងថា, នេះគឺជាស្ពានទី៨ដែលជាជំនួយរបស់ភាគីចិនជូនចំពោះភាគីកម្ពុជា។
សូមបញ្ជាក់ថា, នៅព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ”។
សូមជម្រាបជូនថា, ស្ពានទី៨ដែលជាជំនួយរបស់ភាគីចិនជូនចំពោះភាគីកម្ពុជា គឺជាគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ៖ ចាប់ផ្តើមនៅត្រង់គីឡូម៉ែត្រលេខ៥៨+២០០ ត្រើយខាងលិច ស្ថិតលើផ្លូវខេត្តលេខ២៧១៤ នៅចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ភ្ជាប់ទៅត្រើយខាងកើតទន្លេមេគង្គ នៅចំណុចភូមិក្តុលកណ្តាល ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ តួស្ពានសុទ្ធសាធមានប្រវែង ១.១៣១ម៉ែត្រ ទទឹង ១៣,៥ម៉ែត្រ ក្រាលបេតុងកៅស៊ូកម្រាស់ ៥សង់ទីម៉ែត្រ មានផ្លូវរថយន្តចំនួន ២គន្លង ផ្លូវម៉ូតូចំនួន ២គន្លង ផ្លូវថ្មើរជើងចំនួន ២គន្លង សម្រាប់ទៅមក។ ផ្លូវមេសងខាងស្ពាន តភ្ជាប់ទៅផ្លូវជាតិលេខ៧១C មានប្រវែង ៨.៣២៣ ម៉ែត្រ។ សរុបរួមទាំងស្ពាន និងផ្លូវតភ្ជាប់មានប្រវែងសរុប ៩.៤៥៤ ម៉ែត្រ បានបើកការដ្ឋានកាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដោយត្រូវប្រើប្រាស់រយៈពេលសាងសង់ចំនួន៤២ខែ សាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ(SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ចំណាយថវិកាអស់ ៥៦,៩៩៨ លានដុល្លារអាមេរិក។
សមិទ្ធផលថ្មីនេះ គឺជាចំណងដៃដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន របស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ព្រមទាំងបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីប្រើប្រាស់ជាប្រយោជន៍ទូទៅ និងយូរអង្វែង ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់ និងគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាអគ្គមគ្គុទេសន៍ និងជាប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ ដែលបាននាំយកសន្តិភាពមកជូនជាតិមាតុភូមិកម្ពុជា។
សូមរម្លឹកថា, សម្ដេចហ៊ុន សែន៖ (ចិន)ចាត់ទុក (កម្ពុជា) ជាមិត្តដែកថែប។ ដោយសំដៅដល់ទំនាក់ទំនងដ៏យូរអង្វែងនិង ឥតងាករេ រវាងកម្ពុជា-ចិន ដែលបានភ្ជាប់គ្នាតាំងពីសម័យ អតីតមហាវីរៈក្សត្រ មេដឹកនាំកំពូលកម្ពុជា សម្តេចនាយករដ្ឋ មន្ត្រីហ៊ុន សែន កាលពីព្រឹកថ្ងៃច័ន្ទទី២ កក្កដា បានថ្លែង អំណរគុណមិត្តចិន ដែលបានចាត់ទុកកម្ពុជាជា«មិត្ត ដែកថែប»។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ថ្លែងដូច្នេះ នៅពេលដែល សម្តេចអញ្ជើញជាអធិបតី នៅក្នុងពិធីសម្ពោធដាក់អោយប្រើ ប្រាស់ស្ពានអាកាសមិត្តភាពកម្ពុជា-ចិនសែនសុខ ហៅស្ពាន អាកាសផ្សារដីហ៊ុយ ដែលជាស្ពានអាកាសទី៥ ដែលត្រូវ បានសាសង់ដោយហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃ សាធារណរដ្ឋប្រជាមានិតចិន នៅក្នុងរាជធានីភ្នំពេញ ៕
ដោយ៖ សុខ ខេមរា