ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តជាន់ហ្វ្រ័ងមិនស៊ីបុកម៉ូតូកំពុងឈប់ភ្លើងស្តុបស្លាប់ម្នាក់នៅនឹងកន្លែងកើតហេតុទាំងព្រឹក

ចែករំលែក៖

ខេត្តតាកែវ ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុទាំងព្រឹកខណៈដែលបុរសរូបនេះកំពុងជិះម៉ូតូឈប់នៅចំណុចភ្លើងស្តុបហើយត្រូវបានរថយន្តមួយគ្រឿងជាន់ហ្វ្រ័ងមិនស៊ីបុកពីក្រោយយ៉ាងពេញទំហឹង។

ហេតុការណ៍នេះបានកើតឡើនៅវេលាម៉ោង៦និង៣០នាទីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ត្រង់ចំណុចភ្លើងស្តុបផ្លូវបំបែកជាបួនផ្សារអង្គតាសោម ស្ថិតក្នុងភូមិ អង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។   

    សមត្ថកិច្ចបានឱ្យដឹងថា រថយន្តបង្កម៉ាកហុីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ពោធិ៍សាត់ 3A-0048(អ្នកបើកបររត់បាត់បន្ទាប់ពីកើតហេតុ) បើកមកពីទិសខាងត្បូង ពេលមកដល់ចំណុចខាងលើជាន់ហ្វ្រ័ងមិនសុីបានបុកម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខតាកែវ1C-2961ដែលកំពុងឈប់ភ្លើងស្តុប បើកបរដោយឈ្មោះ ឡុង ភក្តី ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅផ្ទះជួល ក្នុងភូមិតាសិត ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ  បណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ។ 

   បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទំនៀមទម្លាប់និងសាសនា។ រីឯរថយន្តនិងម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីដោះស្រាយតាមនីតិវិធី ៕

ដោយ៖ ស សម


ចែករំលែក៖