ភ្នំពេញ ៖ រដ្ឋាភិបាលស៊ុយ អ៊ែត, រាជរដ្ឋាភិបាលកម្ពុជា, អង្គការក្រៅរដ្ឋាភិបាលមួយចំនួនដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា និងអង្គការសហប្រជាជាតិផងដែរនោះ នឹងរួមសហការគ្នាបង្កើតគម្រោងមួយ ឈ្មោះថា “ទីផ្សារការងារសម្រាប់ជនគ្រប់រូបនៅកម្ពុជា ការគាំទ្រដល់អ្នកស្វែងរកការងារដែលមានពិការភាព” ។ ដែលគម្រោងនេះមានរយៈពេល ២ឆ្នាំ ៣ខែ ដោយចាប់ពីថ្ងៃទី ០១ កញ្ញា ឆ្នាំ២០២១ – ៣១ ធ្នូ ឆ្នាំ២០២៣ ក្នុងគោលបំណងដើម្បីលើកកម្ពស់ទីផ្សារការងាសម្រាប់ជនគ្រប់រូប ដោយគាំទ្រដល់អ្នកស្វែងរកការងារដែលមានពិការភាពក្នុងការស្វែងរកការងារធ្វើដោយផ្តោតជាពិសេសលើយុវជន និងស្ត្រី។
ការពិភាក្សាដើម្បីបង្កើនល្បឿននៃកិច្ចសហប្រតិបត្តិការលើគម្រោងថ្មីនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងឱកាសដែលលោក Magnus Saemundsson លេខាទី១ស្ថានទូតស៊ុយអ៊ែតប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទីស្តីការក្រសួងការងារ។
នៅក្នុងជំនួបនោះ លោកបណ្ឌិត អ៉ិត សំហេង បានសម្តែងការរីករាយ និងអរគុណចំពោះរាជរដ្ឋាភិបាល ស៊ុយ អ៊ែត ដែលតែងតែផ្តល់ការជួយឧបត្ថម្ភគាំទ្រ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស ពាក់ព័ន្ធទៅនឹងការផលិតនូវរបាយការណ៍អង្កេតអំពីកង្វះ និងគម្លាតជំនាញក្នុងទីផ្សារការងារនៅកម្ពុជា និងរបាយការណ៍ព្យាករណ៍អំពីឱកាសការងារក្នុងទីផ្សារការងារនៅកម្ពុជាជាដើម មកដល់មន្រី្តនៃទីភ្នាក់ងារជាតិ មុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការប្រើប្រាស់ស្របទៅនឹងភាពទំនើបនៃប្រព័ន្ធបច្ចេកវិទ្យាឌីជីថលនាពេលបច្ចុប្បន្ននេះ។
ទន្ទឹមនេះដែរ លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះមិត្តភ័ក្ត្របរទេសទាំងអស់ដែលបន្តរស់នៅក្នុងប្រទេសកម្ពុជា ដោយទទួលបានការថែទាំ យកចិត្តទុកដាក់ ដូចប្រជាជនកម្ពុជាដែរ។ កម្ពុជាទទួលបានជោគជ័យក្នុងដំណាក់កាលដំបូងក្នុងការទប់ស្កាត់នូវជំងឺកូវីដ-១៩ ដោយពលរដ្ឋកម្ពុជាទទួលបានការចាក់វ៉ាក់សាំងស្ទើរតែ១០០ភាគរយទៅហើយ ចំពោះការឆ្លងក៏មានចំនួនធ្លាក់ចុះ និងអត្រាស្លាប់ក៏ថយចុះផងដែរ។
លោកបណ្ឌិត មានប្រសាសន៍បន្តទៀតថា កម្ពុជាបានចាប់ផ្តើមបើកដំណើរការប្រទេសឡើងវិញ ដើម្បីស្តារសេដ្ឋកិច្ចរបស់ជាតិឲ្យមានការអភិវឌ្ឍរីកចម្រើនបន្តទៅមុខទៀត ធ្វើយ៉ាងណាបង្កលក្ខណៈឲ្យជីវភាពរបស់ប្រជាពលរដ្ឋឲ្យកាន់តែមានភាពល្អប្រសើរថែមទៀត ដោយយើងបន្តរស់នៅក្នុងគន្លងប្រក្រតីភាពថ្មី។
ស្ថិតនៅក្នុងបរិបទកូវីដ-១៩នេះដែរ លោករដ្ឋមន្ត្រីគូសបញ្ជាក់ថា ការរៀបចំដំណើរការស្វែងរកការងារ បានរៀបចំតាមប្រព័ន្ធបច្ចេកវិទ្យា ដោយកាត់បន្ថយនូវការប្រមូលផ្តុំ ដោយអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ហើយសេវារបស់យើងនៅតែមានដំណើរការ អ្នកដែលបាត់បង់ការងារ អាចសម្ភាសរកការងារថ្មី។ ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) អាចចាត់ទុកថាជាសេវាថ្មីតែទទួលបានជោគជ័យ ក្នុងនោះដែរក៏មានការផ្តល់ការឧបត្ថម្ភគាំទ្រជាដរាបរៀងមក ពីរដ្ឋាភិបាល ស៊ុយអ៊ែត ផ្តល់បទពិសោធន៍ និងចំណេះដឹងជាច្រើនមកដល់មន្ត្រីរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ ដោយឲ្យមានដំណើរទស្សនកិច្ច ទៅសិក្សាស្វែងយល់បន្ថែមពីមជ្ឈមណ្ឌលការងារ ទៅកាន់ប្រទេសស៊ុយអ៊ែត។ ព្រមជាមួយគ្នានោះ កម្ពុជាក៏ទទួលបានជំនួយហិរញ្ញវត្ថុរៀបចំមជ្ឈមណ្ឌលការងារនៅតាមរាជធានី ខេត្ត និងមជ្ឈមណ្ឌលការងារចល័តផងដែរ។
ទាក់ទងទៅនឹងការងារជនពិការនេះដែរ កម្ពុជាក៏មានច្បាប់ការពារជនពិការ ដែលច្បាប់នេះពិតជាមានសារសំខាន់ណាស់ ដើម្បីគាំពារដល់ពួកគាត់។ ហើយមានបញ្ហាជាច្រើនទៀតដែលទាមទារឲ្យយើងត្រូវចូលរួមធ្វើការដោះស្រាយ ក្នុងការធ្វើសមារហណកម្មជនពិការទៅក្នុងសហគមន៍ គឺផ្តល់ឱកាសការងារជូនដល់ពួកគាត់ឲ្យបានកាន់តែប្រសើរ។ ចំពោះច្បាប់ជនពិការនេះ ក៏បានធ្វើការកំណត់ផងដែរថា ក្នុងការជ្រើសរើសជនពិការក្នុងការចូលបម្រើកិច្ចការងារនៅក្នុងសង្គមដោយរដ្ឋាភិបាលត្រូវបានកំណត់ចំនួន២ភាគរយ ចំណែក១ភាគរយនៅក្នុងសហគ្រាសឯកជន។
ភាគីទាំងពីរបានសម្តែងនូវមោទកភាពចំពោះកិច្ចសហប្រតិបត្តិការជាមួយគ្នាកន្លងមក ដោយអាចនិយាយបានថាទទួលបានផ្លែផ្កា និងជោគជ័យជាទីគាប់ប្រសើរ ហើយបង្ហាញនូវជំនឿជឿជាក់ថា គម្រោងទាំងនោះ ពិតជាបានរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ភាពងាយស្រួល និងពង្រីកនូវវិសាលភាពទៅដល់ប្រជាពលរដ្ឋ ក្នុងការស្វែងរកឱកាសការងារ និងផ្តល់កម្លាំងពលកម្មដើម្បីបំពេញនូវតម្រូវការដល់ស្ថាប័ន ក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលកំពុងត្រូវការជាចាំបាច់បម្រើឲ្យខ្សែច្រវ៉ាក់ផលិតកម្មខ្លួន។
ឆ្លើយតបតាមសំណើររបស់លោករដ្ឋមន្រ្តី ភាគីស៊ុយអ៊ែតនឹងបន្តខិតខំជួយគាំទ្រថែមទៀតដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីអាចបង្កើតមជ្ឈមណ្ឌលការងារថែមទៀតឱ្យបានគ្រប់រាជធានី ខេត្ត ពោលគឺយ៉ាងតិចមានមជ្ឈមណ្ឌលការងារមួយក្នុងមួយរាជធានី ខេត្ត ដែលបច្ចុបន្ននេះយើងមាន ១៣ មជ្ឈមណ្ឌលការងារ និងមជ្ឈមណ្ឌលការងារចល័ត ចំនួន ៣ផងដែរ៕
ដោយ ៖ សិលា