ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបែនដឹកខ្សាច់បើកបុករថយន្តព្រូស រុញទៅបោកផ្ទប់នឹងរថយន្តJeep រងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តបែនដឹកខ្សាច់ក្នុងល្បឿនលឿនជាន់ហ្រ្វ័ងមិនទាន់បានជ្រុលទៅបុករថយន្តព្រូសពីក្រោយ ធ្វើឱ្យរថយន្តព្រូសខ្ទាតទៅបោកផ្ទប់នឹងរថយន្តJeep រងការខូចខាតយ៉ាងដំណំ។

   ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមផ្លូវលេខ១៩៥៨កែងនឹងផ្លូវលេខ១០០៣ ក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ 

   តាមប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុរថយន្តបែនដឹកខ្សាច់ ម៉ាកហុីណូ ពណ៌សលាយខៀវ ពាក់ស្លាកលេខ ចង្កូតស្តាំ PP-0790 បើកតាមផ្លូវលេខ១០០៣ ពីជើងទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ត្រង់ចំណុចកើតហេតុប្រហែលជាជាន់ហ្វ្រ័ងមិនទាន់ទើបជ្រុលទៅបុកពីក្រោយរថយន្តម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BE-7816 ហើយរុញទៅបុកផ្ទប់ពីក្រោយរថយន្ត ម៉ាកJeep ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BG-7169 បណ្តាលឲ្យរថយន្តព្រូសនិងរថយន្តJeepរងការខូចខាតយ៉ាងដំណំ។

   ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចបានឱ្យទាំង៣ភាគីធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងរថយន្តបែនដឹកខ្សាច់យល់ព្រមចេញថ្លៃជួសជុលឱ្យទៅរថយន្តព្រុស និងរថយន្តJeepដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕

ដោយ៖ និនសុភ័ស្ត


ចែករំលែក៖