ខេត្តឧត្ដរមានជ័យ៖ លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ.ច. ,លោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក លឹម សុខតូ អភិបាលរងខេត្ត ជាតំណាងលោក ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ នាព្រឹកថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីភាពក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក និងមានការចូលរួមពីមន្ទីរ-អង្គភាព កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ គណៈអភិបាលក្រុង-ស្រុកទាំងប្រាំ លោកមេឃុំ-ចៅសង្កាត់ និងសិស្សានុសិស្សបានអញ្ជើញចូលរួមផងដែរ។ យុទ្ធនាការនេះ រៀបចំឡើងដោយ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងចូលរួមសហការដោយ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តឧត្ដរមានជ័យ ។
ក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកខេត្តឧត្ដរមានជ័យ បានរៀបចំឡើងដើម្បីអប់រំផ្សព្វផ្សាយ និងជាការពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ឱ្យមានការប្រុងប្រយ័ត្ននៅពេលធ្វើដំណើរតាមដងផ្លូវ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួនគ្រប់ៗគ្នា ដើម្បីជៀសវាងឱ្យបាននូវគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតមានឡើងជាយថាហេតុ។
លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ.ច. បានសម្តែងនូវក្តីព្រួយបារម្ភអំពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែលមានការកើនឡើងគួរឱ្យកក់សម្គាល់នៅរយៈពេលកន្លងមកថ្មីៗនេះ លោកជំទាវក៏បានសំណូមពរឱ្យអ្នកប្រើប្រាស់យានជំនិះគ្រប់ប្រភេទត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក មិនត្រូវបើកបរលើសល្បឿនកំណត់ ត្រូវគោរពសិទ្ធិអាទិភាពក្នុងពេលធ្វើដំណើរ ពាក់ខ្សែក្រវាត់សុវត្ថិភាពនៅពេលបើកបររថយន្ត និងត្រូវពាក់មួកសុវត្ថិភាពនៅពេលធ្វើដំណើរតាមម៉ូតូដោយមិនគិតទីជិត ឬទីឆ្ងាយឡើយ៕
ដោយ៖ សហការី